
កម្ពុជា និងចិន ប្តេជ្ញាបន្តសហការជាមួយគ្នាក្នុងនាមជាមិត្តដ៏ល្អ ដែលជឿទុកចិត្តបាន ព្រមទាំងបន្តសាមគ្គីជាមួយគ្នា ដើម្បីទប់ ទល់នូវរាល់ការប៉ុនប៉ង ឬជ្រៀតជ្រែកពីខាងក្រៅ។ ការបញ្ជាក់រួមគ្នានេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ជាមួយឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម ចាវ ឡឺជី បានអបអរសាទរ ចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងចំពោះជ័យជម្នះដ៏ត្រចះ ត្រចង់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះ ឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងមកនេះ។
ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី នឹងបន្តរីកលូតលាស់ និងអភិវឌ្ឍទៅមុខទៀត។
ចិន នឹងបន្តគាំទ្រកម្ពុជា ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខ្លួន។ ឯកឧត្តម ចាវ ឡឺជី ក៏បានរំលេចផងដែលថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងចូលរួមកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី ហើយប្រជាជាតិទាំងពីរ នឹងទទួលបានផ្លែផ្កាពីការកសាងសហគមន៍នេះ។
សម្តេចធិបតី បានគូសរំលេចជូន ឯកឧត្តម ចាវ ឡឺជី នូវសារនយោបាយចំនួនពីរ ពាក់ព័ន្ធនឹងជោគជ័យរបស់គណបក្ស ប្រជាជនកម្ពុជា។ សារទី១ នោះគឺជោគជ័យដ៏ភ្លូកទឹកភ្លូកដីនេះបង្ហាញអំពីអារម្មណ៍កក់ក្តៅ និងការទុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ចំពោះគណបក្ស ប្រជាជនកម្ពុជា ជាពិសេសចំពោះសម្តេចតេជោ ប្រធានគណបក្ស និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ ដែលតែងនៅជាប់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់។ ចំណែកឯសារទី២ គឺជាការផ្តល់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដល់អ្នកបន្តវេននៃគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំកម្ពុជាទៅក្នុងវដ្តថ្មីនៃការអភិវឌ្ឍ។ សម្តេចធិបតី បានអរគុណប្រជាជន និងរដ្ឋាភិបាលចិន ដែលបានរួមចំណែកយ៉ាងច្រើន នៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដូចជា ការជួយឧបត្តម្ភគាំទ្រដល់កម្ពុជាទាន់ពេល ក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ-១៩ ជាដើម ។
សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមជូន ឯកឧត្តម ចាវ ឡឺជី អំពីការបន្តរក្សាគោលជំហរ និងគោលនយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹក នាំរបស់ សម្តេចធិបតី ទោះជាពិភពលោកកំពុងប្រែប្រួល និងមានភាពមិនច្បាស់លាស់ក៏ដោយ។
សម្តេចធិបតី និង ឯកឧត្តម ចាវ ឡឺជី បានពិភាក្សាបន្ថែមអំពីទិសដៅនៃការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងសភា និងសភា។ ក្នុងនាមជាសមាជិកសភាមួយរូប សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងសភាកម្ពុជា និងចិន ឱ្យបានញឹកញាប់ និងជាប្រចាំ ព្រោះដំណើរទស្សនកិច្ចនេះ នឹងមានផលប្រយោជន៍ដល់ស្ថាប័ននីតិបញ្ញត្តិទាំងពីរ ជាពិសេស សម្រាប់សមាជិកសភាវ័យក្មេង ក្នុងការស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈជាមួយគ្នា។ ឯកឧត្តម ចាវ ឡឺជី ក៏បានយល់ស្របចំពោះការស្នើនេះ និងប្តេជ្ញាជំរុញទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ និងប្រកបដោយមេត្រីភាព ដោយមិនកំណត់នូវលក្ខខណ្ឌ ឬបង្កប់នូវរបៀបវារៈណាមួយឡើយ។ ទន្ទឹមនឹងការឯកភាពបន្តសហការ ផ្លាស់ប្តូរនូវបទពិសោធន៍ និងខិតខំអនុវត្តគម្រោង ដែលបានព្រមព្រៀងកន្លងមកឱ្យទទួលបានជោគជ័យ សម្តេចធិបតី និងឯកឧត្តម ចាវ ឡឺជី បានឯកភាពចំពោះគោលការណ៍នៃការបន្តកសាងលទ្ធិប្រជាធិបតេយ្យ ស្របតាមលក្ខខណ្ឌរបស់ប្រទេស ជាតិនីមួយៗ សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនជាធំ៕



