
មនុស្ស ២០នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង ៨នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីការធ្លាក់ព្រិលនៅទីបេ ដែលបានកប់រថយន្តជាច្រើននៅក្នុងព្រិលជ្រៅ និងទឹកកកនៅលើផ្នែកនៃផ្លូវ ដែលតភ្ជាប់ទៅផ្លូវរូងក្រោមដី ផ្លូវហាយវេមួយ។ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនកាលពីថ្ងៃសុក្រ បានបង្ហាញក្រុមអ្នកជួយសង្គ្រោះកំពុងជីកជាមួយម៉ាស៊ីន ក្នុងព្រិលជ្រៅ ដើម្បីកំណត់ទីតាំងយានជំនិះ ដែលត្រូវបានកប់នៅពេលដែលព្រិលធ្លាក់បានបុកផ្លូវ និងផ្លូវរូងក្រោមដីដែលតភ្ជាប់ទីក្រុង នីងឈី(Nyingchi) នៅភាគនិរតីនៃទីបេ ជាមួយនឹងស្រុកមេដក។ គិតត្រឹមថ្ងៃសុក្រនេះ មនុស្ស២០ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ និង ៨នាក់ទៀតកំពុងបាត់ ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌ មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋ។ មនុស្ស ៥៣ នាក់ទៀតត្រូវបានជួយសង្គ្រោះ ចាប់តាំងពីការធ្លាក់ ព្រិល បានកើតឡើងនៅម៉ោងប្រហែល៨យប់ កាលពីថ្ងៃអង្គារ។
អ្នកភូមិក្នុងតំបន់ម្នាក់បានប្រាប់Global Times ថាភាគ ច្រើននៃអ្នកធ្វើដំណើរតាមផ្លូវ ជួបគ្រោះថ្នាក់គឺជាជនជាតិទីបេ ដែលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេសម្រាប់បុណ្យចូលឆ្នាំថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ។គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះបានរាយការណ៍ថា រថយន្តត្រូវបានកំទេចក្រោមទម្ងន់នៃព្រិល និងទឹកកកជាច្រើនតោន ដែលបានដួលរលំនៅមាត់ផ្លូវរូងក្រោមដីដោយបានជាប់គាំងអ្នកបើកបរនៅក្នុងរថយន្តរបស់ពួកគេ។ អាជ្ញាធរចិនបាននិយាយថា បុគ្គលិកសង្គ្រោះប្រហែល១,០០០នាក់ និងរថយន្តសង្គ្រោះបន្ទាន់រាប់សិបគ្រឿងត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងនៃគ្រោះមហន្តរាយនេះ៕
ប្រែសម្រួលដោយ ប៊ុន សុភាព

