
ខេត្តព្រះសីហនុ ៖ តាំងពីបងប្អូនជនជាតិចិនចូលមកធ្វើការរកស៊ី ស្ទើរគ្រប់មុខរបរ ជាពិសេស គឺការបើកបនល្បែងស៊ីសង កាស៊ីណូជាច្រើនកន្លែងនៅក្នុងក្រុងព្រះសីហនុ បណ្តាលអោយមានអំពើរអាណាចារ (ការកាប់ចាក់ បាញ់បោះ និង ប្រើអំពើ ហឹង្សាផ្សេងៗទៀត) នៅលើទឹកដីក្រុង ព្រះសីហនុ ចេះតែកើតមានឡើងជាបន្តបន្ទាប់ធ្វើអោយសមត្ថកិច្ចគ្រប់ស្ថាប័ន ឈឺក្បាល វិលមុខ ហើយនៅពេលនេះ។
យ៉ាងណាមិញ នាល្ងាចថ្ងៃម្សិលមិញនេះ មានករណីបាញ់បោះមួយបានកើតឡើងបណ្តាលអោយជនជាតិចិន ៤នាក់ រងរបួសធ្ងន់ខណៈពេលដែលអ្នកទាំង៤នាក់នោះ កំពុងអង្គុយផឹកស៊ី នៅក្នុងហាងមួយកន្លែងឈ្មោះ ស៊ី ហួរ ដែលមាន ទីតាំងស្ថិតនៅក្នុងភូមិ១សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីស្រ្តីអ្នកបកប្រែភាសាចិន ម្នាក់បានអោយដឹងថា ហេតុការណ៍បាញ់បោះនេះបានកើតឡើង នៅវេលាម៉ោង ៦និង៥០នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។ ស្ត្រីដដែលរូបនេះបានបន្តថា មុនពេលកើតហេតុគេបានឃើញ បុរស ០២នាក់ ស្លៀកពាក់ឈុតខ្មៅ ពាក់មួកការពារ នៅពេលដែលដើរចូលមកក្នុងហាង ស្រាប់តែដកកាំភ្លើងខ្លីចេញពីក្នុងអាវ របស់ពួកគេ រួចបានបាញ់សំដៅទៅលើជើងរបស់បុរសទាំង៤នាក់នេះតែម្តង បណ្តាលអោយពួកគេ (បុរសទាំង៤នាក់ អ្នក ខ្លះរងបួសត្រូវចុះភ្លៅអ្នកខ្លះត្រូវត្រង់ក្បាលជង្គង់។
ភ្លាមៗនោះធ្វើអោយមនុស្សម្នាដែលកំពុងអង្គុយផឹកស៊ីមានការភ័យស្រន់ស្លោរ រត់ចែកជើងគ្នាពាសពេញហាងតែម្តង។ ក្រោយពេលកើតហេតុ ម្ចាស់ហាងបានខលផ្តល់ព័ត៌មានទៅសមត្ថកិច្ចនគរបាលអោយមកជួយធ្វើអន្តរាគមន៍ហៅរថយន្ត សាមុយដឹក ជនរងគ្រោះទាំង៤នាក់ទៅសង្គ្រោះបន្ទាន់នៅក្លីនិចឯកជន(មន្ទីរពហុព្យាបាលសេតេ)ដើម្បីធ្វើការជួយសង្គ្រោះ
បន្ទាន់។
ប្រភពព័ត៌មានពីបុគ្គលិកនៃមន្ទីរពហុព្យាបាលឯកជនមួយ បានអោយដឹងថា ជនជាតិចិនដែលរងរបួសទាំង៤នាក់នោះមាន ឈ្មោះ
ទី១ ឈ្មោះ ZHANG KUN ភេទប្រុស អាយុ៣៩ឆ្នាំ រងរបួសត្រូវភ្លៅខាងស្តាំ។
ទី២ ឈ្មោះ YANG JUAI HUNG ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវក្បាលជង្គង់ខាងស្តាំ។
ទី៣ ឈ្មោះ YUNG JUN GING ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវចុងភ្លៅខាងស្តាំ និងដើមកំភួនជើងខាងឆ្វេង។ និង
ទី៤ ឈ្មោះ LIV WET MIN ភេទប្រុស អាយុ៣៣ឆ្នាំ គ្រូពេទ្យកំពុងពិនិត្យ នៅក្នុងបន្ទប់កាំរស្មី X ។
បុគ្គលិកពេទ្យរូបនោះបន្តថា ពួគគេគ្រាន់តែរងរបួស តែមិនធ្វើអោយប៉ះពាល់ដល់អាយុជីវិតទេ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច នគរបាលបានអោយដឹងថា ហេតុការបាញ់បោះនេះ ទំនងជារឿងគំនុំ ដែលមានការគុំគួន គ្នា ទើបឈានដល់ការបាញ់ប្រហារគ្នាយ៉ាងនេះ។ តែទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងដុតដៃដុតជើងតាមស្វែងរក ជនបង្ករ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ មនោរា ប្រភពរូបភាពពីបណ្តាញសង្គម