
តុលាការឧក្រិដ្ឋកម្មអន្តរជាតិបាននិយាយថា ខ្លួននឹងបើកការស៊ើបអង្កេតឡើងវិញលើ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” នៅក្នុងប្រទេសហ្វីលីពីន ជុំវិញសង្គ្រាមគ្រឿងញៀនរបស់អតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទើតេ (Rodrigo Duterte) ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បានស្លាប់។
សូមជម្រាបថាតុលាការនេះបានប្រកាសពីផែនការសម្រាប់ការស៊ើបអង្កេតក្នុងខែកុម្ភៈ ឆ្នាំ ២០១៨ ប៉ុន្តែត្រូវបានផ្អាកការងាររបស់ខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ២០២១ តាមសំណើរបស់រដ្ឋាភិបាលហ្វីលីពីន បន្ទាប់ពីទីក្រុងម៉ានីល បាននិយាយថា ខ្លួនកំពុងធ្វើការពិនិត្យដោយខ្លួនឯង។ កាលពីខែមិថុនាកន្លងទៅ ដោយបានពិចារណាលើឯកសារ ដែលបានដាក់ជូនដោយអាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន និងឯកសារផ្សេងទៀត ព្រះរាជអាជ្ញា ICC បាននិយាយថា ការពន្យារពេលនេះមិនត្រូវបានធានាទៀតទេ ព្រមទាំងបានដាក់ពាក្យស្នើសុំបើកសំណុំរឿង ICC ឡើងវិញផងដែរ។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០២១ បានរកឃើញថាមនុស្ស៨,៦៦៣នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ប៉ុន្តែគណៈកម្មាធិការសិទ្ធិមនុស្សហ្វីលីពីន និងក្រុមសិទ្ធិមនុស្សក្នុងតំបន់បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងដល់ទៅបីដង៕
ប្រែសម្រួលដោយ: ជ ង៉ា
