
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក មហាមេត ស្ហៀ អាល សូដានី (Mohammed Shia al-Sudani) បានការពារវត្តមានរបស់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសរបស់លោក នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal ជាលើកទីមួយរបស់លោក ចាប់ តាំងពីចូលកាន់តំណែង ជានាយករដ្ឋមន្រ្តី។
នៅក្នុងបទសម្ភាសន៍ ចេញ ផ្សាយកាលពីថ្ងៃអាទិត្យ លោក អាល សូដានី (al-Sudani) បានបញ្ជាក់ថាលោក មិនទាន់ផ្តល់ពេលវេលាសម្រាប់សហរដ្ឋអាមេរិកទេ និងកងកម្លាំងណាតូ ដែលបច្ចុប្បន្នកំពុងបម្រើក្នុងសមត្ថភាពហ្វឹកហ្វឺន ដើម្បីចាកចេញពីប្រទេសអ៊ីរ៉ាក់ បើទោះបីជាមានការអំពាវនាវពីសម្ព័ន្ធមិត្តនយោបាយមួយចំនួនឱ្យដកកងទ័ពអាមេរិកចេញទាំងស្រុងក៏ដោយ។
នៅក្នុងបទសម្ភាសន៍ដដែលនោះ លោក អាល សូដានី(al-Sudani) បាននិយាយថា មិនមានចេតនាក្នុងការបន្តប្រតិបត្តិការប្រយុទ្ធបរទេសនៅក្នុងប្រទេសនេះទេ ប៉ុន្តែបានកត់សម្គាល់ថា កងកម្លាំងបរទេសផ្តល់ការគាំទ្រផ្នែកភស្តុភារដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIL នៅក្នុងប្រទេសស៊ីរី។
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានកងទ័ពប្រហែល ២,០០០ នាក់ដែលឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់ដោយអង្គការណាតូមានកងទ័ពជាច្រើនរយនាក់នៅទីនោះ ដែលទាំងអស់នៅក្នុងតួនាទីមិនប្រយុទ្ធផងដែរ៕
ប្រែសម្រួលដោយ: ជ ង៉ា
