
សិក្ខាកាមជាតិ និងអន្តរជាតិ មកពីថ្នាក់អាស៊ាននិងតំបន់ចំនួន ១៤ប្រទេស មានប្រទេសអូស្ត្រាលី ប្រ៊ុយណេ កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ ឡាវ ហ្វីលីពីន រុស្សី សិង្ហបុរី អាមេរិក និងវៀតណាម សរុបជាង ៥០០នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបោសសម្អាតមីន ដែលមានរយៈពេល៣សប្តាហ៍ ដោយជោគជ័យ ក្រោមប្រធានបទ “មាតុភូមិដ៍បវរ ឆ្នាំ២០២៣” បានរៀបចំដោយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ,ឯកឧត្តម ឧត្តមសេនីយ៍ទោ CHEN Liang មេបញ្ជាការរង កងទ័ពជើងគោក យោធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារ អគ្គបញ្ជាការ ព្រមអនុព័ន្ធយោធាប្រទេសជាមិត្តជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ CHEN Liang មេបញ្ជាការរងកង ទ័ពជើងគោក យោធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានថ្លែងថា កម្ពុជា-ចិន បានក្លាយជាសហប្រធាននៃក្រុមជំនាញការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ស្តីពីការសកម្មភាពមីនមនុស្សធម៌ ក្នុងអាណត្តិ “២០២១-២០២៣” ជាលើកដំបូង។
លំហាត់នេះ កងទ័ពមកពីប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូ ចំនួន១៤ មកពីទ្វីបទាំង៤ បានមកសិក្សារួមគ្នា។
នាឱកាស នោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា៖ លំហាត់ហ្វឹកហ្វឺនពហុជាតិសកម្មភាពមីនមនុស្សធម៌ ត្រូវបានឈានដល់ការបិទបញ្ចប់ដោយរលូនជាស្ថាពរ និងប្រកបដោយផ្លែផ្កា។ លំហាត់ហ្វឹកហ្វឺននេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាស៊ាន និងប្រទេសដៃគូ សំដៅដោះស្រាយនូវរាល់បញ្ហាមីន កាកសំណល់សង្គ្រាម និងបច្ច័យអវិជ្ជមាននានា ដើម្បីផ្តល់សុវត្ថិភាព សុខុមាលភាព និងចូលរួមអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ដោយយក ប្រជាជនជាស្នូល ។
នាយឧត្តមសេនីយ៏ ទៀ សីហា បានលើកឡើងថា យោធាចារ្យ សិក្ខាកាមពហុជាតិទាំងអស់ បានហ្វឹកហ្វឺនរួមគ្នាប្រកបដោយមិត្តភាព សាមគ្គីភាព និងភាតរភាព ព្រមទាំងបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ បច្ចេកវិទ្យា អនុវត្តន៍ និង រិះរកវិធីសាស្ត្រថ្មីៗដើម្បីពង្រឹងសមត្ថភាពកងទ័ព និងវិសាលភាពក្នុងប្រតិបត្តិការដោះមីនមនុស្សធម៌តាមរយៈបច្ចេកវិទ្យាទំនើបថ្មីៗដូចជាដ្រូនប្រព័ន្ធ ឡាស៊ែ រ៉ូបូត ក្នុងសកម្មភាពមីន។
សូមបញ្ជាក់ដែរថា វគ្គហ្វឹកហ្វឺននេះ គឺបានបង្កើនការយល់ដឹង អំពីការគំរាមកំហែងបញ្ហាប្រឈម និងទំនួលខុសត្រូវរបស់ប្រជាជាតិនីមួយៗ និងសហគមន៍អន្តរជាតិ។
បង្កើនសមត្ថភាពរបស់ប្រទេសដែលរងផលប៉ះពាល់ក្នុងការដោះស្រាយជាមួយសំណល់សង្គ្រាម។
លើកទឹកចិត្តដល់រដ្ឋសមាជិកអាស៊ានបូក ប្រទេស និងសហគមន៍អន្តរជាតិ ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជួយប្រទេសរងគ្រោះ។
អភិវឌ្ឍដំណោះស្រាយសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពជាមួយវិនាសកម្មដោយសារមីន។
និងបង្កើតយន្តការ សមស្របសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមវិស័យការពារជាតិ កងកម្លាំងយោធានៃប្រទេស ADMM-Plus និងសម្រាប់ការសម្របសម្រួលយោធា និងក្រុមជនស៊ីវិល ក្នុងការយកឈ្នះលើផលវិបាកនៃសំណល់សង្គ្រាម ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈយុទ្ធនាការ «កម្ពុជា គ្មានមីនឆ្នាំ២០២៥» ព្រមទាំងគាំទ្រដល់គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងការ «ផ្តល់ដីសុវត្ថិភាពបង្កើតស្នាម ញញឹម» ជូនប្រជាពលរដ្ឋកម្ពុជា៕
ដោយ៖ប៊ុនលេង និងសុផលមុនី




