
ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីនៃ ក្រសួងបរិស្ថាន និងអង្គការWWF មានក្តីរំភើបជាខ្លាំង ខណៈដែលពួកគេបានផ្តល់សេចក្តីរាយការណ៍កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ ស្តីពីស្ថានភាពសត្វព្រៃតាមរយៈរូបភាពថត ដោយពីម៉ាស៊ីនថតស្វ័យប្រវត្តិ ។
រូបភាពដែលក្រុមការងារបានបញ្ជូនមកសម្រាប់ជារបាយការណ៍បឋម បានបង្ហាញវត្តមានរបស់សត្វដំរីអាស៊ី ហ្វូងសត្វខ្ទីង និងហ្វូងសត្វទន្សោងដែលសុទ្ធសឹងជាប្រភេទសត្វកម្រ ព្រមទាំងសត្វជ្រូកព្រៃ សត្វឈ្លូស សត្វក្ងោក សត្វសំពោចកលឿង និងស្វាក្តាមផងដែរ។
ការតាមដានសត្វព្រៃ ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបច្ចុប្បន្នបានការគាំទ្រថវិកាពីកម្មវិធីអភិរក្សសត្វព្រៃនៃអង្គការWWFថ្នាក់តំបន់ និង WWF-Belgium ជាផ្នែកសំខាន់មួយនៃកម្មវិធីស្រាវជ្រាវ និងតាមដានជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃ នៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។ សត្វព្រៃនៅក្នុងតំបន់ការពារ ធម្មជាតិ របស់កម្ពុជាកំពុងប្រឈម នឹងការគំរាមកំហែងពីការជាប់អន្ទាក់ដែលជាមូលហេតុចម្បងនាំឲ្យសត្វព្រៃបាត់បង់ពូជ និងចំនួនសត្វព្រៃថយចុះ។
គេចាំបាច់ត្រូវចាត់វិធានការអភិរក្សសំខាន់ៗរួមគ្នាបន្ទាន់បន្ថែមទៀត ដើម្បីការពារសត្វព្រៃ ដែលមានតម្លៃជាសកលទាំងនេះ ធានាថាទីជម្រកធម្មជាតិរបស់វាគ្មានការដាក់អន្ទាក់ និងបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃ ដើម្បីស្តារចំនួនសត្វទាំងនេះឲ្យកើនឡើងវិញ និងអាចបន្តរស់រានក្នុងដែនជម្រកធម្មជាតិទៅថ្ងៃអនាគតសម្រាប់ជាប្រយោជន៍មនុស្ស និងធម្មជាតិ។
«យុទ្ធនាការអន្ទាក់សូន្យ» ដែលត្រូវបានអនុវត្តជាផ្លូវការចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងដោយមានការគាំទ្រពីដៃគូអភិរក្សនិងដៃគូអភិវឌ្ឍន៍ ជាវិធានការបន្ទាន់រួមគ្នាមួយដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកជាដំណោះស្រាយចំពោះការគំរាមកំហែងដល់ជីវិតសត្វព្រៃ ដោយមានគោលដៅបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា៕


