
ខេត្តឈុនបុរី ប្រទេសថៃ ៖ ជនរងគ្រោះម្នាក់ដែលជាកម្មករខ្មែរធ្វើការនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ បានស្លាប់ភ្លាមៗ ក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលជនរងគ្រោះរូបនេះកំពុងអង្គុយធ្វើការសុខៗ ស្រាប់តែមានជនជាតិខ្មែរ ដូចគ្នាបានលបវាយនឹងដំបងឈើជ្រុងចំក្បាលពីក្រោយ ព្រមទាំងបានវាយបន្ថែមទើបរត់គេចខ្លួន។
ហេតុការណ៍ដែលយើងទទួលបានពីសារព័ត៌មានថៃនេះ គឺបានកើតឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១២ ថ្ងៃត្រង់ នៅត្រង់ចំណុចទីតាំងកន្លែងបាញ់ថ្នាំរថយន្ត មួយកន្លែង លេខ ១៩/១ ស្ថិតក្នុងភូមិ១ ឃុំណងរី ស្រុកមឿង ខេត្តឈុនបុរី ប្រទេសថៃ ដោយជនរងគ្រោះមានឈ្មោះ វ៉ា គឹមសេង ភេទប្រុស អាយុ៣៧ឆ្នាំ ប៉ុន្តែគេមិនទាន់ដឹងថា ជនរងគ្រោះរស់នៅក្នុងខេត្តណានៃប្រទេសកម្ពុជានោះឡើយ ។ បើតាមការអះអាងពីសាក្សីឈ្មោះ ស៊ុ សក្តិ ភេទប្រុស អាយុ៤៧ឆ្នាំ ជាជនជាតិថៃធ្វើការនៅកន្លែងជាមួយគ្នា បាននិយាយថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះកំពុងអង្គុយ ធ្វើការជាធម្មតា ឯខ្លួនក៏នៅធ្វើការមិនឆ្ងាយពីគ្នាប៉ុន្មានដែរ ។ ភ្លាមនោះក៏ស្រាប់តែឮដូចជាសម្លេងគេវ៉ៃមនុស្ស លុះពេល ក្រលេកមើលទៅម្តងទៀត គឺឃើញជនរងគ្រោះដួលដេកទៅលើធរណីពោរពេញដោយឈាមទៅហើយ ដោយនៅពីក្រោយ ខ្នងឃើញឈ្មោះ ផេក លៀប ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាក្មួយ កំពុងឈរកាន់ដំបងឈើជ្រុង វាយបន្ថែមទៀត ទើបខ្លួន បានលោតទៅស្រែឃាត់ ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់តែម្តង ។ ដោយឡែកអ្នកស្រី ថុនឌី សកល អាយុ៣៧ឆ្នាំ ជាថៅកែនៅកន្លែងកើតហេតុនេះបានលើកឡើង និងសរសើរថា ជនសង្ស័យខាងលើគេគឺជាមនុស្សរាបសារណាស់ ដោយ មិនដែលចេះកោងកាចដាក់អ្នកណាម្នាក់ឡើយ ដោយគ្រាន់តែកន្លងមក គេធ្លាប់មានរោគសសៃប្រសាទ ហើយសង្ស័យថា អាចខានលេបថ្នាំយូរពេកទើបរោគសញ្ញានេះរើឡើងវិញ ។ នៅក្នុងពេលនោះ ក្រុមតម្រួតបានបញ្ជូនជនរងគ្រោះទៅកាន់ មន្ទីរពេទ្យខេត្តឈុនបុរី ព្រមទាំងបានជួយធ្វើចលនាបេះដូងផង ប៉ុន្តែជនរងគ្រោះបានស្លាប់ដោយមិនទាន់បានទៅដល់ មន្ទីរពេទ្យផង ។ ឯជនសង្ស័យត្រូវបានសមត្ថកិច្ចថៃ តាមប្រមាញ់នឹងចាប់ខ្លួនបាននៅត្រង់ចំណុចឃុំបាងប្លា៉សយ ក្នុងស្រុកមឿង ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណា