
យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់ និង៣៥នាក់រងរបួសបន្ទាប់ពីអគ្គីភ័យបានឆាបឆេះ កាលពីព្រឹកព្រលឹមថ្ងៃសុក្រ នៅឯក្លឹបរាត្រីមួយក្នុងប្រទេសថៃ។ អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ១ ទៀបភ្លឺនៅក្លឹបរាត្រី ម៉ោនថែន ប៊ី (Mountain B) ដែលជាក្លឹបរាត្រីមួយកន្លែង ដែលជាអគារមួយជាន់នៅក្នុងខេត្តឈុនបូរី (Chonburi) ភាគអាគ្នេយ៍នៃទីក្រុងបាងកក និងប្រហែល៣០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងផាតាយ៉ា (Pattaya) ដែលជាគោលដៅរមណីយដ្ឋានទេស្ចរណ៍ដ៏ពេញនិយម។ លោកវរសេនីយ៍ឯកវុធធី ភុងសុំចាយ បានប្រាប់ទូរទស្សន៍CNNថា អគ្គីភ័យបានកើតឡើងក្នុងអំឡុងពេលសម្តែងតន្ត្រីផ្ទាល់ ហើយអ្នករងរបួសរលាកមានចាប់ពីស្រាលទៅធ្ងន់ធ្ងរ។ លោកបញ្ជាក់ថាអ្ន កស្លាប់ទាំងអស់សុទ្ធតែជាជនជាតិថៃ។ មន្ត្រីជួយសង្គ្រោះបាននិយាយថាម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះគឺជាក្មេងអាយុ១៧ឆ្នាំ ដែលជាអ្នកស្លាប់ក្មេងជាងគេដែលត្រូវបានគេកំណត់អត្តសញ្ញាណរហូតមកដល់ពេលនេះ។ លោកវរសេនីយ៍ឯកសុំចាយ(Somjai) បាននិយាយថាការស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះកំពុងដំណើរការហើយ។
គួរបញ្ជាក់ថាក្លឹបរាត្រីនេះបានបើកកាលពីពីរខែមុន ហើយបានក្លាយជាកន្លែងពេញនិយមពីសំណាក់អ្នកស្រុកសម្រាប់ការសម្តែងផ្ទាល់របស់ក្រុមតន្រ្តីដែលធ្វើឡើងរាល់យប់ចាប់ពីម៉ោង១២ព្រឹកដល់ម៉ោង១ព្រឹកដែលមានការផឹកនិងរាំ។
ប្រែសម្រួលដោយ ប៊ុន សុភាព
