
កំពង់ស្ពឺ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សប្រុស០២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ខណៈដែលម៉ូតូសង់ស៊េរីទំនើបបុកគ្នាជាមួយម៉ូតូម៉ាកនិច ពេលបើកបរបញ្ច្រាស់ផ្លូវគ្នា ក្រោយកើតហេតុ ម្ចាស់ម៉ូតូម៉ាកនិច បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០៦និង៣០នាទីព្រលប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវលេខ១៤៣ ខាងត្បូងសាលាខេត្តកំពង់ស្ពឺ ចំណុចភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់នគរបាលចរាចរណ៍ស្រុកសំរោងទងបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១C.៤៨៥៤ អ្នកបើកបរឈ្មោះ មោង ចិត្រា ភេទប្រុស អាយុ២២ឆ្នាំ (របួសស្រាល) រស់នៅភូមិព្រៃឈើទាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឌុប មនុស្សម្នាក់ឈ្មោះ សន ភីន ភេទស្រី អាយុ៤២ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) រស់នៅភូមិជាមួយគ្នា បើកបរពីជើងទៅត្បូង មកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូ ០១គ្រឿង ម៉ាកស៊ុយសាគីនិច ពណ៌ស មិនស្គាល់ស្លាកលេខ ឈ្មោះ និងទីលំនៅ អ្នកបើកបរ (បើករត់គេចខ្លួនបាត់) បានឌុបមនុស្សម្នាក់ឈ្មោះ យ៉ែម ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ (របួសធ្ងន់) រស់នៅភូមិទឹកលិច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាស ទិសគ្នាចំពីមុខយ៉ាងពេញទំហឹង។ពេលឃើញមានមនុស្សស្លាប់ និងរងរបួសរណូករណែលលើផ្លូវនោះម្ចាស់ម៉ូតូនិច បានលើកជិះម៉ូតូរត់គេចខ្លួនបាត់។
ក្រោយកើតហេតុនគរបាលជំនាញចរាចរណ៍ស្រុក បានចុះទៅធ្វើការវាស់វែងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះ អ្នករងរបួស ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារ អ្នករបួស បានបញ្ជូនទៅពេទ្យសម្ភពឯកជនមួយក្នុងខេត្តកំពង់ស្ពឺ។ ចំណែកអ្នកបើកម៉ូតូស៊ុយសាគីនិច បានបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល រងការខូចខាតម៉ូតូ០១គ្រឿង កំរិតស្រាល ចំពោះ វត្ថុតាងម៉ូតូសេ១២៥ យកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំដោះស្រាយនៅពេលក្រោយ នឹងធ្វើ ការស្រាវជ្រាវរកម៉ូតូបង្កហេតុម៉ាកនិកនោះ៕ អ៊ុ ណូន