
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហាកន្លងទៅ បានចារឯកភាព ក្នុងការសិក្សាលទ្ធភាព ក្នុងការរៀបចំបង្កើតខេត្តថ្មីចំនួនពីរទៀត ទៅតាមសំណើរបស់ក្រសួងមហាផ្ទៃ។ ការសិក្សាបង្កើតខេត្តពីរទៀត គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល។
គណៈកម្មាការស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់ក្រោមជាតិ ដែលមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហា ផ្ទៃនឹងចាត់មន្ត្រីបច្ចេកទេស ដើម្បីធ្វើការសហការជាមួយក្រសួង និងខេត្តពាក់ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្តែង បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានចារឯកភាពកាលពីថ្ងៃទី២៨ សីហាកន្លងទៅ។ បើតាមលិខិតរបស់រដ្ឋ មន្ត្រីមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ដាក់ជូនសម្តេចតេជោ កាលពីថ្ងៃទី២៧ សីហា បានបញ្ជាក់ថា ការសិក្សាលទ្ធភាពក្នុងការបង្កើតខេត្តថ្មី គឺបំណងសំខាន់ ដើម្បីជួយលើកកំពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការជម្រុញអភិវឌ្ឍនៅមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្អែកតាមពិនិត្យជាទូទៅលើស្ថាន ភាពភូមិសាស្ត្រ និងស្ថានភាពប្រជាសាស្ត្រ។
ក្រសួងមហាផ្ទៃនឹងធ្វើការសិក្សាលទ្ធភាពបង្កើតខេត្តថ្មីមួយ ដោយបំបែកចេញពីខេត្តកណ្តាល ដោយសារខេត្តកណ្តាលមានភាពធំ ស្មុគស្មាញ និងស្ថិតនៅ ព័ទ្ធជុំវិញរាជធានីភ្នំពេញ។ ក្រសួងក៍នឹងធ្វើការសិក្សាលទ្ធភាពបង្កើតខេត្តថ្មីមួយទៀត ដោយពិនិត្យលើកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្ររបស់ស្រុកកោះញែក នៃខេត្តមណ្ឌលគីរី និងស្រុកលំផាត់ នៃខេត្តរតនគីរី។ បើតាមសម្តេចក្រឡាហោម ស ខេង បញ្ជាក់នៅក្នុងលិខិតនោះថា កិច្ចការរៀបចំបង្កើតខេត្តថ្មី នឹងត្រូវរៀបចំធ្វើឲ្យបានចប់សព្វគ្រប់ នៅខែមេសា ឆ្នាំ២០១៩ ដើម្បីទុកពេលវេលាសមស្រប សម្រាប់រាជរដ្ឋាភិបាល កំណត់ចំនួនអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ សម្រាប់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ អាណត្តិទី៣ ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានខេត្តចំនួន ២៤ខេត្ត និងរាជធានីភ្នំពេញ។ កាលពីខែមីនា ឆ្នាំ២០១៤ ខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតជាផ្លូវការ ដោយព្រះរាជក្រិត ដោយបំបែកចេញពីខេត្តកំពង់ចាម។ ក្នុងនោះត្រូវកាត់យកក្រុងចំនួន០១ និងស្រុកចំនួន០៦ ពីខេត្ដកំពង់ចាម គឺក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឱ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់៕ សំ វណ្ណា
លិខិតក្រសួងមហាផ្ទៃ