
បណ្ណាល័យមួយខ្នង ស្ថិតនៅឃុំរការជន្លឹង ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល ដែលផ្ដួចផ្ដើមកសាងដោយអ្នក ឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ ព្រមទាំងសប្បុរស ជនដទៃទៀត ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងមានការអញ្ជើញចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់សប្បុរស ជន លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងប្រជា ពលរដ្ឋជាច្រើនរូបទៀត កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា កម្ពុជាយើងគឺមានភាពរីកចម្រើនខ្លាំង មិនមែនតែត្រឹមតែនៅក្នុងខេត្តកណ្ដាលទេ គឺនៅគ្រប់ទីកន្លែងទូទាំងប្រទេស ព្រោះថាលោកជំទាវចុះធ្វើការជាមួយនឹងលោកតាលោកយាយអ៊ំពូមីងគ្រប់ខេត្តទាំងអស់ ទាំង២៥ រាជធានីខេត្ត ដែលការរីកចម្រើនរបស់ប្រទេសកម្ពុជា។
លោកជំទាវបានបញ្ជាក់បន្ថែមថា នេះគឺជាការកត់សម្គាល់នៅក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជារបស់យើង ហើយមួយទៀតដែលប្អូនៗសិស្សានុសិស្ស និស្សិតបច្ចុប្បន្ននេះគឺមានសំណាងណាស់ ដែលមានឱកាសគ្រប់បែបយ៉ាងទទួលបាននូវការបណ្ដុះ បណ្ដាលអប់រំ និងមានបច្ចេកវិទ្យាទំនើបនៅក្នុងការសិក្សា ។
ជាក់ស្ដែង ការសាងសង់បណ្ណាល័យនេះ និងលើកទឹកចិត្តឱ្យប្អូនៗ ក្មួយៗ ជាសិស្សានុសិស្ស កុមារា និង កុមារី ដែលជាទំពាំងស្នងឫស្សី ទៅអនាគតនូវគំនិតនៃការរៀនមួយជីវិត ដែលមិនសំដៅតែទៅលើការរៀន តែនៅក្នុងថ្នាក់រៀននោះទេ ប៉ុន្តែសំដៅ ដល់ការរៀនអាន ជាពិសសតាមរយៈការបណ្ដុះចិត្តនៃការស្រលាញ់ នឹងចូលចិត្តអានសៀវភៅព្រមទាំងស្ទះស្វែង នឹងពុះពារក្នុងការស្វែងរកចំណេះដឹង និងចំណេះធ្វើ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។
លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោត សរសើរចំពោះលោកឧកញ៉ា និងលោកជំទាវ និងសប្បុរស ជនទាំងអស់ ដែលបានចំណាយ ទាំងកម្លាំងកាយចិត្ត ពេល វេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់ បណ្ណាល័យនៃក្តីស្រលាញ់ ចេញជារូបរាងឡើង ដូចដែលយើងបានឃើញទាំងអស់ជូនពេលនេះដើម្បីជាប្រយោជន៍ដល់ប្អូនក្មួយៗសិស្សានុសិស្សសិក្សាស្រាវជ្រាវ៕
ដោយ៖ប៊ុនលេង និងសុផលមុនី



