
ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ សង្ស័យតែយុវជនខាងលើ ចេញពីផឹកស៊ីសែនចិន ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តឡិចស៊ីសស៊េរីទំនើបរបួស កាលពីវេលាម៉ោង ០២និង៣៥នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ៤៨ទៅលេខ៤៩ ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រី នគរបាលជំនាញចរាចរណ៍ក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BW-3781 បើកបរដោយឈ្មោះ ជីន រតនា ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្ស រស់នៅភូមិរកាបាញ់ ឃុំវល្លិ៍ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុដូចខាងលើ បានជ្រុលទៅបុករថយន្ដ០១គ្រឿង ម៉ាកLexusRX330 ពណ៌ខៀវ ពាក់ស្លាកលេខប៉ៃលិន2A- 5888 បើកបរដោយឈ្មោះ វាំង ប៊ុនថា ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីរាជការ រស់នៅភូមិខ្ទុំក្រាំង សង្កាត់ច្បារមក ក្រុងច្បារមន ខេត្តពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ពីទិសខាងកើត ទៅទិសខាងលិច រួចបត់ឆ្លងផ្លូវមកទិសខាងត្បូង គោលបំណងទៅទិសខាងកើតវិញ បណ្ដាលអោយគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម៖ របួសធ្ងន់ធ្ងរម្នាក់ អ្នកបើកបរម៉ូតូរថយន្ដនិងម៉ូតូរងការខូចខាត។
ចំពោះវត្ថុតាងទាំងពីរ ត្រូវបាននគរបាលយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយ និងដើម្បីចាត់ការតាមនីតិវិធី៕ អ៊ុ ណូន