
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព រួមគ្នាជួយដល់កិច្ចការសង្គម ធ្វើសកម្មភាពមនុស្សធម៌ និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាព។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការរស់នៅក្នុងសង្គមមួយបាន មិនអាចកាត់ផ្តាច់គ្នាឡើយរវាងអ្នកមាន និងអ្នកខ្សត់ខ្សោយ គឺត្រូវចេះយកអាសាគ្នា ដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។
សម្តេចតេជោ លើកឡើងបែបនេះ នៅក្នុងជំនួបជាមួយសមាគមឧកញ៉ាកម្ពុជាដឹកនាំដោយអ្នកឧកញ៉ា លី យ៉ុងផាត់ នាថ្ងៃទី ០៦ មេស។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការផ្តួចផ្តើមបង្កើតឡើង នូវសមាគមឧកញ៉ាកម្ពុជា។
សម្តេចតេជោ បានផ្តល់អនុសាសន៍ និងការណែនាំមួយចំនួនដល់សមាគមឧកញ៉ាកម្ពុជា ធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគម តាមការគោរពអញ្ជើញរបស់អ្នកឧកញ៉ា ប្រធានសមាគម និងទទួលស្គាល់ សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឲ្យអ្នកមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា៕



