
MC៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៏ថា កិច្ចសហប្រតិបត្តិការ រវាងកាកបាទក្រហម និងអាស៊ាន នឹងជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែសកម្ម លឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបគ្រោះមហន្តរាយ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបើកកិច្ចប្រជុំវគ្គទី៥ ក្នុងថ្ងៃទី២ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចប្រធាន បានមានប្រសាសន៍គូសបញ្ជាក់ពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងអាស៊ាន។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបកិច្ចប្រជុំថា កិច្ចសហប្រតិបត្តិការរវាង IFRC និងអាស៊ាន មានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារមនុស្សធម៌។
កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ទំាងពីរនេះ មានសក្តានុពលក្នុងការជំរុញការបង្កើតថ្មី កំណើន និងការផ្លាស់ប្តូរ។ កិច្ចសហប្រតិបត្តិការនេះនឹងអនុញ្ញាតឱ្យមានការឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយធម្មជាតិ វិបត្តិសុខភាពសាធារណៈ និងភាពអាសន្នផ្នែកមនុស្សធម៌ផ្សេងទៀត ដោយធានាថាប្រជាជនក្នុងតំបន់ទទួលបានជំនួយទាន់ពេលវេលា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាដោយមានតម្រូវការជាចាំបាច់លើកិច្ចសហប្រតិបត្តិកានេះ IFRC និងលេខាធិការអាស៊ាន ត្រូវមានកិច្ចប្រជុំពិគ្រោះយោបល់ពិសេស ដើម្បីបង្កើតការឯកភាពគ្នាលើវិធីសាស្រ្តយុទ្ធសាស្ត្រ និងមធ្យោបាយឆ្ពោះទៅមុខ ដូចជាការគូសផែនទីភាគីពាក់ព័ន្ធ និងការកសាងភាពជាដៃគូ ការផ្តល់អាទិភាពនៃតំបន់សហប្រតិបត្តិការ ការកៀរគរធនធាន និងផែនទីបង្ហាញផ្លូវនៃការអនុវត្ត។
នៅពេលដែលតំបន់របស់យើងប្រឈមមុខនឹងបញ្ហាមនុស្សធម៌ដែលកំពុងកើនឡើង យើងត្រូវតែទទួលស្គាល់ថាវិធីសាស្រ្តបែបប្រពៃណីប្រហែលជាមិនគ្រប់គ្រាន់ទៀតទេ។
ការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាង IFRC និងលេខាធិការដ្ឋានអាស៊ាន មិនគ្រាន់តែជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមរបស់យើងប៉ុណ្ណោះទេ តែវាគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ការប្រើប្រាស់កម្លាំងរួមរបស់យើង និងធានាបាននូវសុខុមាលភាព និងភាពធន់នៃសហគមន៍ចម្រុះក្នុងតំបន់។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានប្រគល់តួនាទីដឹកនាំកិច្ចប្រជុំបន្តជូនទៅប្រធានប្រតិភូកាកបាទក្រហមប្រទេសឥណ្ឌូនេស៊ី ដើម្បីដឹកនាំកិច្ចប្រជុំពិភាក្សាលើប្រធានបទខាងលើនេះ។ សូមជម្រាបថាកាកបាទក្រហមកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២១ និង២២កញ្ញាឆ្នាំ២០២៣៕





