
វិមានរំលឹកអ្នកអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នឹងត្រូវបញ្ចុះបឋមសិលា សាងសង់ឡើងវិញនៅថ្ងៃស្អែកនេះ ក្រោយបែកបាក់ និងបាត់បង់ជាច្រើនទសវត្ស កន្លងទៅ។
ការរៀបចំសាងសង់ឡើងវិញនេះ គឺក្រោយពីមានជំនួបរវាងសម្តេច តេជោ ជាមួយប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ កាលពីខែធ្នូ កន្លងទៅនេះ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា កម្មវិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញ “វិមានរំលឹកដល់អ្នកដែលទទួល អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩៦៨” នឹងប្រារព្ធ នៅថ្ងៃស្អែក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ នៅទីតាំងសួនមុខស្ថានទូតបារាំង។ តាមការគ្រោងទុក កម្មវិធីក្រុងពាលី និងបញ្ចុះបឋមសិលានេះ នឹងប្រារព្ធ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំង ឯកឧត្តម Olivier Becht រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ដ្រីអឺរ៉ុប និងកិច្ចការបរទេស ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ភាពទាក់ទាញ និងជនជាតិបារាំងនៅក្រៅប្រទេស នៃសាធារណរដ្ឋបារាំង។
សូមជំរាបថា រូបសំណាក “រូបពីរ” គឺជារូបសំណាកដ៏ធំ បង្ហាញពីសាមគ្គីភាពរវាងយុទ្ធជនបារាំង និងកម្ពុជា ដែលធ្លាប់រួមគ្នាប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១ ហើយត្រូវបានសាងសង់ឡើង នៅឆ្នាំ១៩២៥ ដើម្បីឧទ្ទិសដល់យុទ្ធជនពលី នៅក្នុងសង្គ្រាម តែរូបសំណាក ត្រូវបានកម្ទេចចោលដោយរបបខ្មែរក្រហម។
ក្រោយកម្ទេចរូបសំណាកនេះ នៅសល់បំណែកខ្លះ គឺរូបក្បាលដំរី ដែលត្រូវបានគេយកមកតម្កល់ទុក នៅផ្លូវចូលនៃសារមន្ទីរជាតិសព្វថ្ងៃនេះ។ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅសារមន្ទីរជាតិ មានការប្រគល់ -ទទួល រូបសំណាក “រូបពីរ ឬ វិមានរំឰកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១” ដែលនៅសេសសល់ពីការបំផ្លាញក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចំនួន ៧វត្ថុ ធ្វើពីលោហធាតុពីសារមន្ទីរជាតិ ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីផ្គុំ និងសាងសង់ស្ដូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-បារាំងឡើងវិញ៕




