អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ សេន ប៊ុនថេនថាខ្លួនចង់ផ្តល់សម្ភារៈហ្វឹកហាត់មួយចំនួនក្មេងដែលត្រូវបានគេបង្ហោះក្នុងបណ្តាញសង្គម។
អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ សេន ប៊ុនថេន បានប្រកាសតាមរកក្មេងប្រុសម្នាក់នៅខេត្តព្រៃវែងដែលត្រូវបានគេបង្ហោះក្នុងបណ្តាញសង្គមតាមរយៈរូបភាពចងបាវខ្សាច់ហ្វឹកហាត់ប្រដាល់គុនខ្មែរដោយមិនមានសម្ភារៈហ្វឹកហាត់ត្រឹមត្រូវ។
ឆ្លើយប្រាប់អ្នកយកព័ត៍មានទូរទស្សន៍អាស៊ីអាគ្នេយ៍ តាមបណ្តាញសង្គមហ្វេសបុក អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ សេន ប៊ុនថេនថា ការដែលខ្លួនប្រកាសរកក្មេងប្រុសម្នាក់នៅក្នុងរូបដែលត្រូវបានគេបង្ហោះតាមបណ្តាសង្គមហ្វេសបុកនេះ ព្រោះខ្លួនចង់ផ្តល់សម្ភារៈហ្វឹកហាត់មួយចំនួនដល់ក្មេងប្រុសម្នាក់នោះ ដើម្បីអោយគេមានសម្ភារៈហ្វឹកហាត់ត្រូវ ដ្បិតរូបគេជាអ្នកលក់សម្ភារៈកីឡាតាមអនឡាញស្រាប់។
សេន ប៊ុនថេន អះអាងថា ការដែលខ្លួនមានចិត្តចង់ផ្តល់សម្ភារៈហ្វឹកហាត់ដល់ក្មេងប្រុសម្នាក់នេះ ព្រោះខ្លួនចង់ចូលរួមចំណែកជម្រុញលើកទឹកចិត្តអោយគេប្រឹងប្រែងហ្វឹកហាត់ក្រែងលរគេអាចវិឌ្ឍសមត្ថភាពក្លាយជាអ្នកប្រដាល់ល្បីឈ្មោះមួយនៅកម្ពុជានាពេលអនាគត។
សូមបញ្ជាក់ថា ក្មេងប្រុសម្នាក់នេះត្រូវបានគេបង្ហោះថា មានប្រភពនៅក្នុងខេត្តព្រៃវែង ហើយត្រូវបានគេបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសបុកកាលពីពេលថ្មីៗ ដោយរូបធ្វើការហ្វឹកហាត់ជាមួយបាវស៊ីម៉ងដែលច្រកខ្សាច់៕