
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ អាជ្ញាធរខេត្តកោះកុង និងក្រសួង បរិស្ថាន បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្ត ចូលរួមការពារព្រៃឈើ និងបញ្ឈប់បរិភោគសត្វព្រៃ ដើម្បីការពារធនធានធម្មជាតិ ដែលនៅសេសសល់ នៅតំបន់ជួរភ្នំក្រវាញ។
ការអំពាវនានេះធ្វើឡើងនៅក្នុងឱកាសនៃ ការរៀបចំ “ដំណើរទស្សនាចរសត្វព្រៃ” ដែលជាបណ្តុំព្រឹត្តិការណ៍ជាបន្តបន្ទាប់នៅក្នុងទីតាំងចំនួន ០៤កន្លែង នៅក្នុងតំបន់ជួរភ្នំក្រវាញ និងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៩ ខែមីនា។
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត មានប្រសាសន៍ថា ដំណើរទស្សនាចរនេះ នឹងនាំមកនូវការលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍ ព្រៃឈើតំបន់ជួរភ្នំក្រវាញ ដែលបានផ្តល់ជាបទបញ្ញាត្តិទឹកភ្លៀងសម្រាប់កសិកម្ម រហូតឈានទៅដល់ការផ្តល់អាហារូបករណ៍ផ្នែកអប់រំ ដែលទទួលបានដោយសារការលក់ឥណទានកាបូនពីព្រៃឈើនេះ។
គោលបំណងនៃដំណើរទស្សនា ចរសត្វព្រៃនេះគឺ ស្របទៅតាមយុទ្ធនាការផ្សេងទៀតដូចជា ‘ភ្នំក្រវាញជារៀងរហូត’ និង ‘អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិ’ ដែលត្រូវបានដឹកនាំដោយក្រសួង បរិស្ថាន ដែលបច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងដំណាក់ កាលទី២។
កញ្ញាបានមានប្រសាសន៍ថា «ជាង២០ឆ្នាំកន្លងទៅ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចាប់ផ្តើមធ្វើការល្បាតរួមគ្នានៅឯតំបន់ជួរភ្នំក្រវាញ។
លោក ស្រីបញ្ជាក់ថា ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ បានក្លាយជាតំបន់ លក់ឥណទានកាបូនធំជាងគេ នៅតំបន់អាស៊ី។
ជាពិសេសអត្ថប្រយោជន៍ហិរញ្ញវត្ថុទាំង នេះត្រូវបានបង្កើតឡើងដោយគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយបានបង្កើតប្រាក់ ចំណូលពីការលក់ឥណទានកាបូនព្រៃឈើ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មាន ប្រសាសន៍ថា អស់រយៈពេលកន្លងជាច្រើនជំនាន់ ដែលប្រជាពលរដ្ឋសហគមន៍ តែងតែរស់នៅដោយពឹងផ្អែកទៅ លើព្រៃឈើសម្រាប់ការចិញ្ចឹមជីវិតប្រចាំថ្ងៃ ដោយប្រជាពល រដ្ឋ តែងតែប្រមូលនូវធនធានធម្មជាតិតាមបែបប្រពៃណី រួមមានដូចជា ការប្រមូលព្រៃឈើដើម្បីដុតធ្វើ ជាធ្យូង និងសម្រាប់ដុតដាំបាយជាដើម។
កាលពីពេល មុន សកម្មភាពបែបនេះអាចនឹងធ្វើទៅបានប្រកបដោយនិរន្តរ ភាព។ ប៉ុន្តែបច្ចុប្បន្នសកម្មភាពទាំងនេះ ត្រូវបានចាត់ទុកថាជាសកម្មភាព ដែលខុសច្បាប់ ដូច្នេះយើងត្រូវតែមានការផ្លាស់ប្តូរ ពីការកាប់បំផ្លាញព្រៃឈើ ទៅជាការចូលរួមថែរក្សា និងអភិរក្សព្រៃឈើ ឱ្យមានភាពស្រស់បំព្រង និងទាញយកអត្ថប្រយោជន៍ពីព្រៃឈើទាំងនេះតាមរយៈ មធ្យោបាយផ្សេងៗដោយមិនចាំបាច់មាន ការកាប់បំផ្លាញព្រៃឈើ។
នៅពេលព្រៃឈើត្រូវបានការពារនោះ ព្រៃឈើទាំងនេះ នឹងអាចចិញ្ចឹមជីវិតសត្វព្រៃបានជាច្រើនប្រភេទជាពិសេសគឺសត្វខ្លាធំ ដែលសព្វថ្ងៃនេះ នៅប្រទេសកម្ពុជា មិនមានសត្វខ្លាធំទៀតនោះទេ។
ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការ ក្រសួង បរិស្ថាន មានប្រសាសន៍ថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង បានជួយគាំទ្រជីវភាពរស់នៅរបស់សហគមន៍ចំនួន ២៩ ដែលជាទីលំនៅរបស់ប្រជាពលរដ្ឋប្រមាណជាង ៤០០០គ្រួសារ។
ការជួយគាំទ្រនេះរួមមាន ការជួយគាំទ្រដល់វិស័យទេស ចរណ៍ធម្មជាតិ កសិកម្ម និងអាហារូបករណ៍ និងហេដ្ឋា រចនាសម្ព័ន្ធដូចជាអណ្តូងទឹក និងផ្លូវថ្នល់។
ចាប់តាំង ពីឆ្នាំ២០២១ អណ្តូងទឹកចំនួន ៤៣អណ្តូង និងផ្លូវចំនួន ០៤ខ្សែ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ទន្ទឹងនឹងនោះមានអណ្តូងទឹកចំនួន ៤០អណ្តូង បន្ថែមទៀតជាមួយនឹងស្ពាន ប៉ុស្តិ៍សុខភាព និងសាលារៀនដែលកំពុងត្រូវបានគ្រោងទុកថានឹងសាងសង់នៅក្នុងឆ្នាំនេះ។
ឯកឧត្តម បានអំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាសត្វព្រៃ និងព្រៃឈើឲ្យបានគង់ វង្ស ដើម្បីទទួលបានផលប្រយោជន៍ដល់សហគមន៏។
សូមជម្រាបថា តំបន់ជួរភ្នំក្រវាញ គឺជាចំណុចសំខាន់បំផុតនៃជីវចម្រុះ ដែលជាច្រករបៀងដំរីដែលនៅសេសសល់ចុង ក្រោយនៅទ្វីបអាស៊ី និងជាទីជម្រករបស់សត្វព្រៃចំនួន ៥២ ប្រភេទកំពុងរងការគំរាមកំហែងដែលត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការអាយ-យូ-ស៊ី-អិន។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍”ដំណើរទស្សនា ចរសត្វព្រៃ” ត្រូវបានរៀបចំ ឡើងដោយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃសហការជាមួយដៃគូជិតស្និតរបស់ខ្លួនគឺ Baseet ដែលជាស្ថាប័នអប់រំផ្តោតសំខាន់ទៅលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិត វិទ្យា ដោយផ្តោតលើទីតាំងចំនួន ០៤កន្លែង នៅក្នុងតំបន់ជួរភ្នំក្រវាញ និងនៅរាជធានីភ្នំពេញ។
ព្រឹត្តិការណ៍”ដំណើរទស្សនា ចរសត្វព្រៃ” គឺចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៩ ខែមីនា ដោយបង្ហាញជូននូវការសម្តែងសៀកបែបវិទ្យា សាស្ត្រ ការលេងល្បែងកំសាន្ត និងការចាប់រង្វាន់ អមដោយការសម្តែងដោយកំពូលតារាចម្រៀងដ៏ល្បីល្បាយនៅប្រទេសកម្ពុជាយើងរួមមាន កញ្ញា មាស សុខសោភា លោក វិចិត្រ រាជ លោក G-Devit និងកញ្ញា ទេព ម៉ូឌីកា៕




