
អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានបញ្ជាក់ថា គម្រោងស្តារឡើងវិញព្រលានយន្តហោះវាលបែកចានខេត្តបាត់ដំបង នឹងអភិវឌ្ឍលើកកម្រិតប្រភេទ 4C ប្រហាក់ប្រហែលកម្រិតអាកាសយានដ្ឋានក្នុងខេត្តសៀមរាបបច្ចុប្បន្ន។
ថ្លែងក្នុងសន្និសីទជោគជ័យរយៈពេល៥ ឆ្នាំរបស់រដ្ឋបាលខេត្ត នៅព្រឹកអង្គារ៏នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា គម្រោងសិក្សាអភិវឌ្ឍព្រលានយន្តហោះក្នុងខេត្តបាត់ដំបង មានការរាំងស្ទះដោយសារបញ្ហាកូវីដ ប៉ុន្តែជាគោលការរដ្ឋាភិបាលបានឯកភាព លើការស្តារឡើងវិញដើម្បីលើកកម្ពស់ការដឹកជញ្ជូន និងបម្រើដល់វិស័យទេសចរ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ ថា នៅមិនទាន់កំណត់ពេលវេលាជាក់លាក់បើកការដ្ឋាននៅពេលណាទេ ប៉ុន្តែប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានឯកភាពឱ្យមានការសិក្សាប្រែក្លាយព្រលានយន្តហោះខេត្តបាត់ដំបងជាព្រលានយន្តហោះថ្នាក់ ៤C ប្រហាក់ប្រហែលនឹងព្រលានយន្តហោះរបស់ខេត្តសៀមរាបបច្ចុប្បន្ន ។
ព្រលានយន្តហោះខេត្តបាត់ដំបង ដែលគេស្គាល់ថាជា ព្រលានយន្តហោះវាលបែកចាន ត្រូវបានស្ថាបនាឡើង នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ លើទំហំដីជិត១ ម៉ឺនហិកតា ធំជាងព្រលានយន្តហោះភ្នំពេញថ្មី ដែលកំពុងសាងសង់ជិត ៣ ដង ហើយដែលបានដាក់ឲ្យដំណើរការនៅឆ្នាំ ១៩៦៨ ដោយមានជើងហោះហើរទៅមករវាងភ្នំពេញ និងបាត់ដំបង។ ប៉ុន្តែក្រោយការកាន់កាប់អំណាចរបស់ខ្មែរ ក្រហម នៅឆ្នាំ១៩៧៥ ព្រលានយន្តហោះនេះ ត្រូវបានបិទទ្វារទាំងស្រុងរហូតមកដល់ឆ្នាំ១៩៧៩ ព្រលានយន្តបាត់ដំបង ត្រូវបានបើកដំណើរការ សម្រាប់បម្រើការហោះហើរ ក្នុងវិស័យយោធាប៉ុណ្ណោះ៕




