
(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ នេះ បានរៀបចំថ្វាយទាន ធូប កម្រងផ្កា សម្លៀកបំពាក់ និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមប្រពៃណីព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន និងទឹកភ្លៀង ជាពិសេសសូមឱ្យប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ជៀសផុតពីជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរាតត្បាតទូទាំងសកលលោក។
ពិធីនេះត្រូវបានធ្វើឡើង នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំក្នុងខេត្ត សមាជិកាសាខាសមាគមនារីខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត។
បើទោះបីជាខេត្តពោធិ៍សាត់ ពុំទាន់មានករណីកូវីដ១៩ (COVID-19) ផ្ទុះឡើងក៏ពិតមែន ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ម៉ៅ ធនិន បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ឬជំងឺឆ្លងផ្សេងៗ ព្រមទាំងថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ប្រចាំថ្ងៃ ដោយចងចាំពាក្យស្លោក «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។ ជាមួយគ្នានោះ ស្របតាមសេចក្តីប្រកាស របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យគ្រប់វត្តអារាមទូងស្គរ សូត្រធម៌ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បីកម្ចាត់គ្រោះចង្រៃ ដែលកើតឡើងដោយមេរោគ COVID-19។
សម្រាប់ខេត្តពោធិ៍សាត់ គ្រប់វត្តអារាមទូទាំងខេត្ត នឹងចាប់ផ្ដើមទូងស្គរយ៉ាងកងរំពង ដោយមានការសូត្រធម៌តាមសាសនា នាវេលាម៉ោង៣រសៀលនេះ ដើម្បីកម្ចាត់គ្រោះមហន្តរាយ ដែលបង្កឡើងដោយវីរុស COVID-19 ៕