កំពង់ស្ពឺ ៖ កម្មករកម្មារិនីរោងចក្រកាត់ដេសម្លៀកបំពាក់យីហោ (ស៊ី គ្លូ) ដួលសន្លប់បន្តបន្ទាប់គ្នា ហើយត្រូវបានដឹកបញ្ជូន យកទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចរោងចក្រកាត់ដេរសម្លៀក បំពាក់ យីហោ (ស៊ី គ្លូ) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បើតាមសម្តី របស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត បានអោយដឹងតាមទូរសព្ទ័ថា ក្រុមកម្មករកម្មារិនីរោងចក្រដួលសន្លប់នោះមានមែននៅក្នុងរោងចក្រ (ស៊ី គ្លូ) ក្នុងភូមិ សង្កាត់ខាងលើ រាប់រយពាន់នាក់ (មិនទាន់ដឹងចំនួន) ដោយឥឡូវនេះកំពុងតែដឹកយកទៅសង្គ្រោះសិន គឺនៅតាមបណ្តាលគ្លីនិកឯកជននានា រហូតដល់ថ្នល់ទទឹង និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺផងដែរ។
លោកស្នងការនគរបាលខេត្ត បានបន្តទៀតថា ការដែលក្រុមកម្មករកម្មារិនីរោងចក្រដួលសន្លប់នេះមិនទាន់ដឹងពីមូលហេតុ ច្បាស់លាស់នៅឡើយទេ សំខាន់ដឹកយកទៅសង្គ្រោះនិងព្យាបាលបន្ទាន់សិន។
បើតាមសម្តីរបស់កម្មារិនីរោងចក្រខាងលើ ឈ្មោះ ចាន់ ស៊ីណា អាយុ៣២ឆ្នាំ បាននិយាយអោយដឹងថា កាលពីអំឡុង ថ្ងៃទី១០ ខែមិថុនា កន្លងទៅនោះ (ចំថ្ងៃបើកលុយ) ពេលកំពុងបើកស្រាប់តែមានកម្មារិនី២ ទៅ៣នាក់ មានអាការៈ ដូចជា រវើរវាយ (ខ្មោចចូល) ក៏មានការភ្ញាក់ផ្អើលពេញរោងចក្រ មួយសន្ទុះក្រោយមក បន្ទាប់ពីក្រុមកម្មករកម្មារិនី និយាយអង្វរក៏ ចេញទៅបាត់ ហើយធ្វើការងារធម្មតាវិញ។
ប្រភពដដែលបានបន្តទៀតថា ស្រាប់តែព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នេះកម្មករកម្មារិនីរោងចក្រចូលធ្វើការងារ ធម្មតាស្រាប់តែម៉ោងជាង០៩ព្រឹក ប្រធានក្រុមហ៊ុន បាននិមន្តព្រះសង្ឃមកសូត្រមន្ត រំដោះគ្រោះចេញដើម្បីសេរីសួស្តី ក៏ស្រាប់តែក្រុមកម្មករកម្មារិនីរោងចក្របានដួលសន្លប់តៗគ្នាតែម្តង ក៏មានការភ្ញាក់ផ្អើលអ្នករត់ចេញមកដល់ក្រៅរោងចក្រ ហើយក៏ដួលសន្លប់ផងដែល។ ហើយឥឡូវនេះ ត្រូវបានក្រុមហ៊ុនដឹកយកទៅសង្គ្រោះនៅតាមបណ្តាលមន្ទីរពេទ្យឯកជន នានា និងមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះសិន ។
រហូតមកដល់ពេលនេះ អ្នករងរបួសបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តជាង២០នាក់ ហើយនៅតាមបណ្តាលគ្លីនិកឯកជន នានា រាប់រយពាន់នាក់ទៀត៕ អ៊ុ ណូន