ខេត្តស្វាយរៀង ៖ ក្មេងប្រុសម្នាក់ ត្រូវយុវជនម្នាក់សង្ស័យស្រវឹងស្រាផង បានបុកពីក្រោយបណ្តាលអោយរងរបួសយ៉ាង ធ្ងន់ធរ។ហេតុការគ្រោះថ្នាក់ចរាចរណ៍កាលវេលាម៉ោង៧៖១៥នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅលើ ផ្លូវលេខ314D ស្ថិតនៅភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ធី បញ្ញា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង (រងរបួសធ្ងន់) បានធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ314D តាមចិញ្ចើមផ្លូវ ។
ប្រភពបានបន្តឲ្យដឹងទៀតថា មុនកើតហេតុគេឃើញក្មេងរងគ្រោះបានធ្វើដំណើរតាមផ្លូវ លុះមកដល់ចំណុចកើតហេតុ ខាងលើ ក៏មានម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1U-6579 បើកបរដោយឈ្មោះ សូ សាវ៉េត ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងសំណង់ រស់នៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង ទាំងស្រវឹងស្រាជោគជាំ បើកម៉ូតូរេពេញផ្លូវ ក៏បានបុកពីក្រោយកុមារា ធី បញ្ញា ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសជើងខាងឆ្វេង និងចិញ្ចើមខាងស្ដាំ ។
ដោយឃើញសភាពក្មេងប្រុសគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ ពលរដ្ឋរស់នៅម្តុំនោះ ចេញមកជួយជនរងគ្រោះ និងរាយការណ៍ មកសមត្ថកិច្ច ចុះទៅកន្លែងជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីជួយសម្រួល និងហៅរថយន្តសាម៉ុយដឹកជនរងគ្រោះ មកកាន់ មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប បច្ចុប្បន្នជនរងគ្រោះ និងអ្នកបើកម៉ូតូ នៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដើម្បីធ្វើការសង្គ្រោះ ។
ចំពោះមធ្យោបាយធ្វើដំណើរ សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលប្រសូតិ ដើម្បីដោះស្រាយគ្នានៅពេល ក្រោយ។ ព្រហ្ម សាវ៉េត