ឯ.ឧ ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភានិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិង ឯ.ឧ ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែមិនានេះ បានជួបសំណេះសំណាល និងបើកយុទ្ធនាការផ្សព្វផ្សាយ វិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា១៩ (COVID-19) និងចែកជូនសម្ភារៈបរិក្ខាមួយចំនួន សម្រាប់យកទៅការពារក្នុងពេលបំពេញការងារ នៅសាលារាជធានីភ្នំពេញ។
ឧបករណ៍ដែលត្រូវប្រគល់ជូននេះ រួមមានអាកុល ទែម៉ូម៉ែត្រ សាប៊ូ ខិតប័ណ្ណនិងម៉ាស់ ដោយផ្ដល់ជូនទៅខណ្ឌចំនួន៥ គឺខណ្ឌ ចំការមន ខណ្ឌដូនពេញ ខណ្ឌ៧ មករា ខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងមន្ទីរសុខាភិបាលរាជធានី។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អំណោយដែលជាឧបករណ៍សម្រាប់ទប់ស្កាត់ វីរុសកូរ៉ូណា១៩នេះ បានមកពីការជួយឧបត្ថម្ភពីវិស័យឯកជននៅក្នុងរាជធានីភ្នំពេញប្រគល់ជូនទៅតាមបណ្តាសង្កាត់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវជំងឺ វីរុសកូរ៉ូណា១៩ ខណៈដែលជំងឺនេះបានកំពុងវាយលុកយ៉ាងខ្លាំងនៅទូទាំងពិភពលោកក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯ.ឧ អភិបាល បានលើកឡើងទៀតថា នេះជាការរួមចំណែករបស់វិស័យឯកជន ដើម្បីចូលរួមទប់ស្កាត់នូវវីរុសកូរ៉ូណា១៩ (COVID-19)នេះទៅតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។
ឯ.ឧ បានមានប្រសាសន៍បន្តទៀតថា កិច្ចការងារ មនុស្សធម៌នេះ កម្ពុជាបានធ្វើឡើងយូរហើយ។
ចំពោះកិច្ចការមនុស្សធម៌ក្នុងកិច្ចការពារនិងទប់ស្កាត់ វីរុសកូរ៉ូណា១៩ (COVID-19)នេះត្រឹមតែរយៈខ្លីពេលខ្លីសោះវិស័យឯកជនក៏ដូចជាស្ថាប័នរដ្ឋបាន ជួយឧបត្ថមគាំទ្រដែលមានទឹកប្រាក់ជួយឧបត្ថម្ភម ប្រមាណ១៤លានដុល្លារហើយ។
ឯ.ឧអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះដែរ ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវការងារបី គឺហូបស្អាត ផឹកស្អាត និងករស់នៅស្អាត ដើម្បីជៀសវាងនូវការឆ្លងនិងការរីករាលដាលនៃ វីរុសកូរ៉ូណា១៩ (COVID-19)នេះ។
ឯ.ឧ ហ៊ុន ម៉ានី ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងផងដែរថា ការកើតឡើងនូវ
វីរុសកូរ៉ូណា១៩ (COVID-19)នេះមិនមែនតែនៅកម្ពុជានោះទេ វាជារឿងដែលកើតឡើងលើពិភពលោកដោយមកដល់ពេលនេះ បើគិតតាមអត្រានៃការឆ្លងរីករាលដាលនៃជម្ងឺវីរុសកូរ៉ូណា១៩ (COVID-19)នេះនៅលើពិភពលោកទាំងមូលមានអ្នកឆ្លងចំនួនរហូត ដល់កន្លះលាននាក់ ក្នុងនោះ២ ម៉ឺន៤ពាន់នាក់បានបាត់បង់ជីវិត ។
ចំណែកឯកម្ពុជាវិញ មានអ្នកដែលឆ្លងជម្ងឺនេះមានចំនួន៩៨នាក់ ហើយការងារនេះយើងបាននិងកំពុងរួមគ្នាដើម្បីបង្ការទប់ស្កាត់កុំឲ្យបន្តការរីករាលដាលធំជាងនេះទៀត។ ប៉ុន្ដែទោះបីជាយ៉ាងណាដី ឯ.ឧ ហ៊ុន ម៉ានី ក៏បានជំរុញឱ្យអាជ្ញាធរភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ក្រៅពីបើកការទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះហើយ លោកបានជំរុញឲ្យមានការយកចិត្តទុកដាក់លើកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ៕