
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ជំរុញឲ្យក្រសួងយុត្តិធម៌លើកកំពស់ការផ្តល់សេវាយុត្តិធម៌ ដើម្បីពង្រឹងជំនឿពលរដ្ឋ ពិសេសលើពលរដ្ឋក្រីក្រ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងពិធី
ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងយុត្តិធម៌។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការពង្រឹងការលើកកំពស់ការផ្តល់សេវាយុត្តិធម៌ ដោយបង្កើន ប្រសិទ្ធភាពមន្ត្រីអនុវត្តច្បាប់ ពង្រឹងជំនឿទុកចិត្តពីសាធារណៈជនលើវិស័យ យុត្តិធម៌ក្នុងសង្គម គឺជាអ្វីដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីត្រូវបន្តធ្វើឲ្យបានល្អ។
សម្តេចក្រឡាហោម បានជំរុញឲ្យក្រសួងយុត្តិធម៌ខិតខំប្រឹងប្រែងប្រយុទ្ធប្រ ឆាំងនឹងការបំពានណាមួយរបស់មន្ត្រីដោយអយុត្តិធម៌ក្នុងសង្គម តាមរយៈការ ពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងពង្រឹងភាពស្អាតស្អំ ក្រមសីលធម៌ វិជ្ជជីវៈ របស់មន្ត្រីអនុវត្តច្បាប់។
សម្តេចក៏បានរំលឹកឲ្យក្រសួងយកចិត្តទុកដាក់ ចំពោះការផ្តល់សេវាយុត្តិធម៌ដល់ពលរដ្ឋក្រីក្រ នៅមូលដ្ឋាន និងពង្រឹងយន្ត ការដោះស្រាយវិវាទឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្តេចក្រឡាហោម ក៏ស្នើឲ្យក្រសួងយុត្តិធម៌ខិតខំពន្លឿនដោះស្រាយរឿងក្តីនៅតុលាការដែលនៅសេសសល់ ត្បិតសំណុំរឿងជាច្រើនត្រូវបានកកស្ទះ ដោយសារខ្វះខាតធនធានមនុស្ស និងទីកន្លែង។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានអ្នកជាប់ឃុំនៅក្នុងពន្ធនាគារចំនួនជាង៣ម៉ឺន ៨ពាន់នាក់ ក្នុងនោះស្ត្រីជាង២៥០០នាក់ ហើយពិរុទ្ធជនមិនទាន់មានសាលក្រម រឺសាលដីការស្ថាពរមានចំនួនជាង១ម៉ឺន២ពាន់នាក់។
ក្នុងចំណោមអ្នកជាប់ឃុំជាង៣ម៉ឺន៨ពាន់នាក់នោះ ៥៧ភាគរយគឺជាសំណុំរឿង ពាក់ព័ន្ធទៅនឹងគ្រឿងញៀន រឺប្រមានជាង២ម៉ឺន២ពាន់នាក់ ហើយពិរុទ្ធជនមិនទាន់មានសាលក្រម រឺសាលដីការស្ថាពរមានចំនួនជាង១ម៉ឺន១ពាន់នាក់។
ដើម្បីដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ ក្រសួងយុត្តិធម៌បានដាក់ ឲ្យដំណើរសាលាឧទ្ធរណ៏តំបន់ចំនួនបី មានខេត្តព្រះសីហនុ បាត់ដំបង និងត្បូងឃ្មុំ ដើម្បីពន្លឿនដំណើរការដោះស្រាយ៕