
ខេត្តបាត់ដំប៖ឯកឧត្តម សឿម ប៊ុនរិទ្ធិ អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកកំរៀងនិងជាប្រធានក្រុមការងារឃុំកំរៀង បាននាំយកឧបករណ៍វាស់កម្តៅ ចំនួន ៩គ្រឿង អង្ករ ៧០ការុងតូច(៧០០គ.ក្រ) មី ទឹកសុទ្ធ ថវិកា និង ទឹកអាល់កុល ចំនួន៩០លីត្រ សរុបជាថវិកា១៤លានរៀល ដែលជាអំណោយបានមកពីការកៀងគរការបរិច្ចាគពីសប្បុរសជន ក្រុមការងារនៅទីនោះ ដើម្បីយកទៅចែកជូនដល់ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃចំនួន៧០នាក់ កំពុងតែរស់នៅតាមបណ្តាភូមិទាំង៨ក្នុងឃុំស្រុកកំរៀង។
ពិធីជួបជុំសំណេះសំណាលនិងចែកស្បៀងជាគ្រឿងឧបភោគបរិភោគខាងលើនេះ បានប្រព្រឹត្តធ្វើឡើងកាលថ្ងៃទី០១ខែមេសាឆ្នាំ២០២០នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកំរៀង។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានអំពាវនាវនិងជម្រុញឲ្យបងប្អូនប្រជាពលករ ខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ត្រូវរស់នៅដាច់ដោយឡែកឲ្យឆ្ងាយពីគ្រួសារឲ្យបានមួយរយៈសិន តាមរយៈការណែរនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសហានិភ័យកើតឡើង ពីការឆ្លងនិងការចម្លងមេរោគកូវីដ-១៩ ដែលជាជម្ងឺរាតត្បាតជាសាកលដែលកំពុងតែកើតមានពាសពេញនៅលើពិភពលោក។ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើង ក៏មានការឆ្លងពីមេរោគដ៏កាចសាហាវនេះផងដែរ។
ការដាក់ខ្លួនឲ្យនៅឆ្ងាយពីក្រុមគ្រួសារសាច់ញាតិមិត្តរយៈពេល១៤ថ្ងៃបែបនេះគឺមិនមែនមានន័យក្នុងការរើសអើងនោះទេ? តែវាជាការទប់ស្កាត់ពីការចម្លងមេរោគការរាត ត្បាតនេះ ហើយប្រសិន បើខ្វះការប្រុងប្រយ័ត្ននិងធ្វេសប្រហែសមិនអនុវត្តតាមការណែរនាំពីវីធីការពារនិងការរក្សាអនាម័យជាប្រចាំ ពីមន្ត្រីសុខាភិបាលនិងក្រសួងសុខាភិបាលទេនោះ វាអាចធ្វើឲ្យខ្លួនយើង គ្រួសារយើង សហគមន៍យើង ប្រឈមនិងការឆ្លងនិងពីការចម្លងពីម្នាក់ទៅម្នាក់បាន។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលករដែលបានវិលត្រឡប់មកពីថៃ ត្រូវនាំគ្នាសរសេរពាក្យស្លោកបិទនៅមុខផ្ទះឬនៅតាមរបងផ្ទះថាខ្ញុំទើបមកពីប្រទេសថៃឬមកពីកន្លែង ផ្សេងដែលកំពុងប្រឈមពីការឆ្លងជម្ងឺកូវីដ-១៩នេះ។ការសរសេរបែបនេះ ក៏ជាវិធានទប់ស្កាត់ពីការឆ្លងនិងចម្លងបានមួយកម្រឹតនិងមានភាពងាយស្រួលដល់មន្ត្រីសុខាភិបាលក្នុងមូលដ្ឋានចុះអប់រំចុះពិនិត្យតាមដានសុខភាពរបស់បងប្អូនដល់ទីតាំងលំនៅដ្ឋានផងដែរ។
ប្រសិនបងប្អូនមានអាការៈមិនស្រួលពីបញ្ហាសុខភាព សូមប្រញាប់រួសរាន់ទៅកាន់មណ្ឌលសុខភាពរដ្ឋ ដែលនៅជិតបំផុត ដើម្បីពិនិត្យនិងពិគ្រោះជម្ងឺ បានទាន់ពេលវេលា៕