
(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានជំរុញដល់ប្អូនៗ ជាក្បាលម៉ាស៊ីនយុវជនក្នុងខេត្ត ត្រូវបន្តចុះជាប់ជាប្រចាំ និងនាំយកគ្រាប់ពូជបន្លែកសិកម្ម ចែកជូនប្រជាពលរដ្ឋខ្វះខាត ឱ្យចំគោលដៅ ខណៈដែរជំងឺឆ្លងកូវីដ១៩ (Covid-19) កំពុងរីករាលដាលជាសកល។
ឯកឧត្តមអភិបាលខេត្ត បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ថ្មី នៅវេទិកាសាលាខេត្ត ដោយបានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត ក្រុមយុវជនស.ស.យ.ក ក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងក្រុមយុវជនក្មេងវត្តជាច្រើននាក់ទៀត។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ដោយស្ថានភាពជំងឺកូវីដ១៩ កំពុងតែតានតឹងជាសកល ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជាពិសេសកូនក្មួយដែរទើបនឹងវិលត្រលប់ពីក្រៅប្រទេសមកស្រុកកំណើត ក៏មានការខ្វះខាតជាអន្លើរៗផងដែរ។
ស្ថិតក្នុងស្ថានភាពបែបនេះ ឯកឧត្តមបានបញ្ជាទិញគ្រាប់ពូជបន្លែកសិកម្ម រួមមាន «ត្រកួន ត្រឡាច ននោង ស្ពៃ ម្រះ និងផ្ទី» ដើម្បីឱ្យបងប្អូនយើងបន្តដាំដុះ ស្រោចស្រង់ និងដោះស្រាយជីវភាពបានមួយគ្រា ខណៈដែលក្រុមការងារកំពុងតែស្វាត់ស្វែងរកការឧបត្ថម្ភថវិកា និងសម្ភារ សម្រាប់ចូលរួមចំណែកទប់ស្កាត់ ការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។
ឯកឧត្តមបានដាក់ចេញវិធាន ដល់ប្អូនៗយុវជន ដែលត្រូវបែងចែកទៅតាមគោលដៅនៃស្រុកនីមួយៗ ត្រូវបន្តចុះជាប់ជាប្រចាំ និងពិនិត្យជាក់ស្តែង ទៅលើកង្វះខាតពិតប្រាកដ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ជាពិសេសកូនក្មួយដែលទើបនឹងវិលត្រឡប់ពីក្រៅប្រទេស។
ជុំវិញបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ត្រូវធ្វើរបាយការណ៍ និងរាយការណ៍ មកឯកឧត្តម ឬក្រុមការងារចុះតាមបណ្តាមូលដ្ឋាននៃស្រុកនីមួយៗ ធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា។