
ស្ត្រីជនជាតិថៃម្នាក់បានស្ដោះទឹកមាត់ដាក់បុគ្គលិកសុខាភិបាល នៅស្ថានីយរថភ្លើងណងស៊ុន នៅព្រឹកថ្ងៃសុក្រទី៣ មេសា ពេលមន្ត្រីសុខាភិបាលបានព្យាយាមផ្ដល់ម៉ាសដល់គាត់នៅលើរថភ្លើងក្នុងតំបន់ តែគាត់មិនព្រម ថែមទាំងបានស្ដោះទឹកមាត់លើ ដែលបង្កឱ្យមានការភ័យខ្លាចនិងការភ័យស្លន់ស្លោក្នុងចំណោមអ្នកដំណើរនិងអ្នកស្រុក។
ប្រធានស្ថានីយរថភ្លើង Non Sung លោក Thaworn Khamchunphon បាននិយាយថា ស្រ្តីរូបនោះមើលទៅហាក់ដូចជាឈឺ ហើយមិនបានពាក់ម៉ាស់បិទមុខ ដែលធ្វើឱ្យអ្នកដំណើរមួយចំនួនជឿថាគាត់អាចចំលងវីរុសនេះទៅកាន់ពួកគេ។
ឃើញសភាពការណ៍មិនស្រួលលោកកបានកោះហៅបុគ្គលិក មកពីមន្ទីរពេទ្យ Non Sung ដែលមានឈុតការពារមួយតួខ្លួនចំនួន ៣ នាក់ ឲ្យចូលក្នុងរថភ្លើងដែលស្ត្រីនោះកំពុងអង្គុយ។
បុគ្គលិកម្នាក់បានប្រគល់ម៉ាសឱ្យគាត់ ហើយប្រាប់គាត់ឱ្យទៅប៉ុស្តិ៍ត្រួតពិនិត្យវីរុស Covid-19នៅស្ថានីយរថភ្លើង ប៉ុន្តែគាត់បានបដិសេធនិងស្រែកដាក់ពួកគេ។
បន្ទាប់មកគាត់ក៏បានស្ដោះទឹកមាត់ដាក់បុគ្គលិកសុខាភិបាល។ ប្រការនេះបានជំរុញឱ្យបុគ្គលិកមន្ទីរពេទ្យដាក់ខ្នោះគាត់ ហើយដឹកគាត់ចេញពីរថភ្លើងដើម្បីពិនិត្យសីតុណ្ហភាពរាងកាយ។
សីតុណ្ហភាពរបស់គាត់ត្រូវបានគេវាស់ឃើញថា ៣៧.៩ អង្សាសេ ហើយគាត់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Non Sung ដើម្បីពិនិត្យបន្តទៀត ក្នុងករណីគាត់ពិតជាមាន Covid-19 មែន ។
ក្រោយមកប្រធានស្ថានីយរថភ្លើងបានអំពាវនាវឱ្យក្រុមជួយសង្គ្រោះបាញ់ថ្នាំសម្លាប់មេរោគនៅស្ថានីយ និងនៅតាមទូរថភ្លើងទាំងអស់។ គាត់ត្រូវបានគេដាក់ឱ្យនៅដាច់ពីគ្នារយៈពេល ១៤ ថ្ងៃ ដែលជាផ្នែកមួយនៃវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។
គួររំលឹកថា ប្រទេសថៃបានរាយការណ៍ថា មានអ្នកឆ្លងសរុប ១៩៧៨ នាក់ អ្នកស្លាប់ ១៩ នាក់ និងអ្នកជាសះស្បើយ ៦១២ នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ៕