
ខេត្តកណ្តាល៖ គ្រឿងក្នុងជ្រូកខូចគុណភាពចំនួន២កុងទីន័រ មានទម្ងន់សរុបប្រមាណ៥តោន ដែលកម្លាំងច្រុះបង្ក្រាបបាននៅស្រុកកៀនស្វាយ ត្រូវបានកម្លាំងគណៈកម្មការចម្រុះធ្វើការដុតបំផ្លាញចោល កាលពីវេលាម៉ោងជាង១២ ថ្ងៃត្រង់ ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងមានការចូលពីអភិបាលរងខេត្ត, មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, មន្រ្តីសាខាគយ និងរដ្ឋាករ, មន្រ្តីបសុព្យាបាល រួមនឹងក្រុមប្រឹក្សាឃុំ និងមេភូមិ។
ចំណែកមេឈ្មួញត្រូវបានលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នដោយជាប់ចោទបានប្រព្រឹត្តិបទល្មើសលួចនាំចូលគ្រឿងក្នុងជ្រូកខូចគុណភាព ចំនួន៥តោន ។
ឥឡូវនៅព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០ បើតាមព័ត៌មាន ទទួលបានមានអ្នកមានអំណាចម្នាក់ បាននិងកំពុងរត់កា រ ខ្វែងដៃខ្វែងជើងដើម្បីឲ្យមានការ សម្រួល ដោះលែង មេឈ្មួញទុច្ចរិតរូប នេះ ឲ្យ រួច ផុតពី សំណាញ់ ច្បាប់ ។
គួររំលឹកថា ការសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នរបស់លោកចៅក្រមស៊ើបសួរ បន្ទាប់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ” នាំចូលដោយចេតនានូវផលិតផលសត្វខូចគុណភាព ឬបង្កគ្រោះថ្នាក់សុខភាពមនុស្ស ” តាមបញ្ញត្តិមាត្រា ១១៥ ចំណុចទី៥ នៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។
ប្រព្រឹត្តនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ។
ជនជាប់ចោទមានឈ្មោះ ហ៊ឹម សុខហឿន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ១០ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។