
ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល ចុះសួរសុខទុក្ខកងកម្លាំង និងពិនិត្យគោលដៅ ស្ដីពីការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២ប.ប និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៣៩សសរ ស្ដីពីការហាមឃាត់ការធ្វើដំណើរនៅក្នុងប្រទេសពីខេត្តមួយ ទៅខេត្តមួយជាដាច់ខាត។
គោលដៅទាំង៣ដែលឯកឧត្ដមអភិបាលខេត្តបានអញ្ជើញចុះទៅពិនិត្យមើលរួមមាន៖
ទី១-គោលដៅផ្លូវជាតិលេខ២ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលព្រំប្រទល់រវាងខេត្តកណ្តាល និងខេត្តតាកែវ។
ទី២-គោលដៅផ្លូវជាតិលេខ៣ ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
និងទី៣-គោលដៅផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ព្រំប្រទល់ខេត្តកំពង់ស្ពឺ។
នៅក្នុងបេសកកម្មដ៏សកម្មនេះឯកឧត្ដមអភិបាលខេត្តបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុក ត្រូវអនុវត្តអោយបាននូវបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០២ប.បនិងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៣៩សសរ ដោយធ្វើការអប់រំ ណែនាំ និងពន្យល់ប្រជាពលរដ្ឋឲ្យបានយល់អំពីការគ្រោះថ្នាក់នៃការឆ្លងមេរោគផ្លូវដង្ហើមដ៏ធ្ងន់ធ្ងរប្រភេទថ្មីគឺជំងឺកូវីដ១៩នេះ។
ឯកឧត្ដមបន្ថែមថា ការហាមឃាត់ការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល នៃជំងឺផ្លូវដង្ហើមកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា។
ទន្ទឹមគ្នានោះដែរឯកឧត្ដមបានសំណូមពរដល់ប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារដែលទើបមកពីបរទេសត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ហើយត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃជាមុនសិន ដើម្បីបង្ការការពារ ការឆ្លងទៅក្រុមគ្រួសារ។
ហើយអាជ្ញាធរស្រុក ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២ប.ប និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៣៩សសរ ស្ដីពីការហាមឃាត់ការធ្វើដំណើរនៅក្នុងប្រទេស ពីខេត្តមួយទៅខេត្តមួយ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល នៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី កូវីដ១៩៕