
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យអាស៊ាន ត្រូវគិតគូរជាយុទ្ធសាស្ត្រ ក្នុងការស្ដារ និងជំរុញការងើបឡើងវិញ នូវកំណើនសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩ ត្រូវបានបញ្ចប់។
កម្ពុជាយល់ថាអាស៊ានត្រូវពន្លឿនការអនុវត្តផែនការនិងយន្តការនានាដែលមាន ស្រាប់ឲ្យបានលឿន ក៏ដូចជាការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ លុបបំបាត់របាំងមិនមែនពន្ធ នឹងបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម។
នេះជាការស្នើសុំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចតេជោ ទៅកាន់ប្រមុខរាជ និងរដ្ឋាភិបាលអាស៊ាន ដើម្បីគិតគូរឲ្យបានម៉ត់ចត់នៅក្រោយបញ្ចប់វិបត្តិមួយនេះ។
បន្ថែមលើនេះសម្ដេចតេជោបានស្នើឲ្យអាស៊ាន ត្រូវជំរុញការអនុវត្តគំនិតផ្ដួចផ្ដើមនានា សម្រាប់សមាហរណកម្មអាស៊ាន ដែលផ្ដោតសំខាន់ទៅលើ ការលើកកម្ពស់សហគ្រាសមីក្រូតូចនិងមធ្យម និងបង្កើតធុរកិច្ចថ្មីផ្អែកទៅលើ នវានុវត្តន៍បច្ចេកវិទ្យា ការលើកកម្ពស់កិច្ចសហការ រវាងវិស័យឯកជន និងសាធារណៈ នៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈឌីជីថល។