
បាត់ដំបងៈកសិករម្នាក់នៅស្រុកមោងឫស្សី បានប្រកបរបរដាំស្មៅមួយប្រភេទនាំចូលមកពីប្រទេសថៃ ពេលឲ្យសត្វគោស៊ីទៅមានអត្ថប្រយោជន៍ច្រើន ធំលូតលាស់ល្អ ហើយក៏អាចលក់ធ្វើពូជដល់កសិករដទៃទៀតទាំងក្នុងតំបន់និងក្រៅតំបន់ អាចរកចំណូលបានគួរសមផងដែរ។
លោក សុវណ្ណ វ៉ន រស់នៅភូមិកូនក្អែក២ឃុំរបងមង្គលស្រុកមោងឫស្សី បានឲ្យដឹងថាក្រោយពីបរាជ័យក្នុងរបបចិញ្ចឹមសត្វកង្កែប ក៏បានសម្រេចយកពូជស្មៅម្យ៉ាងឈ្មោះ យ៉ាវ៉ានអ៊ីស្រាអែល ដែលទិញយកមកពីប្រទេសថៃគឺដាំបាន៣ឆ្នាំហើយ ដោយដាំរយៈពេល៣ខែកន្លះ ទើបអាចប្រមូលផលបាន។
ស្មៅនេះអាចដាំលើដីបានសឹងគ្រប់ប្រភេទ ងាយស្រួលថែទាំ ហើយក្នុងរដូវប្រាំងនេះ ក្នុងមួយសប្ដាហ៍ត្រូវស្រោចទឹកវាចំនួន ២ដង ទើបមានការលូតលាស់បានល្អ។
ស្មៅនេះមានអត្ថប្រយោជន៍ច្រើន តាមការស្រាវជ្រាវវាមានប្រូតេអ៊ីរហូតដល់២១ភាគរយ បើគោមេស៊ីអាចធ្វើឲ្យមានទឹកដោះច្រើន ហើយក្រៅពីសត្វពាហនៈ អាចស៊ីបាននោះ ក៏អាចកិនឲ្យខ្ទិចលាយជាមួយកន្ទក់និងពោតឲ្យសត្វមាន់ស៊ី ក៏មានការលូតលាស់ល្អនិងអាចជួយការពាររោគផ្សេងៗបានច្រើន។
ការដាំស្មៅនេះ មិនចាំបាច់ដាក់ជីគីមីនោះទេ បើមានជីអាចម៍គោ ឬអាចម៍សត្វផ្សេងៗ គឺយកទៅបាចក្នុងថ្នាលនិងពេលស្រោចទឹកទៅនឹងលូតលាស់បានល្អ។
បន្ទាប់ពីដាំ៣ខែកន្លះអាចកាត់លើកដំបូង ដោយកាត់ជាបន្តបន្ទាប់ត្រឹមរយៈពេល ៣០ ទៅ៤០ថ្ងៃប៉ុណ្ណោះ ទើបអាចកាត់បានទៀត។បើមានគោ ៥ ទៅ៦ក្បាល ដាំលើដីទំហំត្រឹម៤០ម៉ែត្របួនជ្រុង អាចមានស្មៅឲ្យសត្វគោស៊ីបានរហូត ។
លោក សុវណ្ណ វ៉ន បានបញ្ជាក់ថា គាត់គ្រោងនឹងពង្រីកការដាំស្មៅនេះបន្ថែមទៀត នៅលើដីស្រែចម្ការរបស់គាត់ដែលមានស្រាប់ ហើយគាត់ក៏មានពូជសម្រាប់លក់ ប្រសិនបើមានកសិករណាចង់ទិញយកទៅដាំបន្ត៕