
ភ្នំពេញ៖ ក្នុងទំព័រហ្វេសប៊ុក របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះដំណឹងដ៏សែនក្រៀមក្រំមួយ ថាស្រ្ដីជនជាតិខ្មែរ ដែលរស់នៅប្រទេសអាល្លឺម៉ង់ បានទទួលមរណភាពកាលពីពេលថ្មីៗនេះ ដោយសារជំងឺរលាកផ្លូវដង្ហើមវីរុស កូវីដ-១៩។
ដំណឹងដ៏ក្រៀមក្រំនេះ ឯ.ឧ រដ្ឋមន្រ្តី បានបង្ហាញនូវសំណេរសោកសៅ ក្នុងន័យរំលែកទុក្ខពីអ្នកដែលរស់នៅឯប្រទេសអាល្លឺម៉ងម្នាក់ ដែលបានសរសេរថា ថ្ងៃនេះប្អូនស្រី Sophy Um រស់នៅប្រទេសអាល្លឺម៉ង់ បានទទួលមរណភាពដោយសារការឆ្លងនៃមេរោគ COVID-19 ឬ Corona – Virus ។
សំណេរមានខ្លឹមសារថា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ រស់នៅប្រទេសអាល្លឺម៉ង់ដូចគ្នា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ដល់ក្រុមគ្រួសារសពប្អូនស្រី និងសូមឲ្យដូងវិញ្ញាណក្ខន្ធប្អូនស្រីបានទៅដល់ឋានសុគតិភព កើតជាតិណាៗ សូមឲ្យប្អូនស្រីមានសំណាងល្អ និងអាយុវែង៕