
ខេត្តកំពង់ឆ្នាំង៖ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យ នៅព្រឹកថ្ងៃទី 21 ខែមេសា ឆ្នាំ 2020 បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះបាញ់ថ្នាំ និងណែនាំដល់ម្ចាស់ កសិដ្ឋានចិញ្ចឹមមាន់យកពង នៅភូមិចិន ឃុំស្វាយជ្រុំស្រុករលាប្អៀរ ។
នៅក្នុងឱកាសនោះលោក ហ៊ុន លី និងមន្ត្រីបសុព្យាបាលក៏បានណែនាំដល់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពង ឲ្យធ្វើអនាម័យជាប្រចាំថ្ងៃ និងជំរុញការផលិតឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារ ។
ព្រោះថាបច្ចុប្បន្នទំនិញនាំចូលពីក្រៅប្រទេសត្រូវបានរាជរដ្ឋាភិបាល បញ្ជាអោយបិទទាំងស្រុងហើយ ។
នៅក្នុងឱកាសនោះដែរមន្ត្រីការិយាល័យបសុព្យាបាលក៏បានបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងកសិដ្ឋាននោះព្រមទាំងផ្ដល់ថ្នាំមួយចំនួនដើម្បីទុកឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមបាញ់ថ្នាំដោយខ្លួនឯងជាប្រចាំថ្ងៃ ។
លោក សី មករាក៏បានប្រាប់ភ្នាក់ងារយើងឲ្យដឹងដែរ ថាលោកបានចាប់ផ្ដើមប្រកបមុខរបរនេះរយៈពេល 1 ឆ្នាំកន្លះ ហើយដោយទទួលបានជោគជ័យបង្គួរ ។
បច្ចុប្បន្នមាន់មេចិញ្ចឹមយកពង ក្នុងកសិដ្ឋានរបស់លោក មានចំនួនជាង ៧ពាន់ក្បាល ជាលទ្ធផលក្នុងមួយថ្ងៃ គាត់ទទួលបានពងជាង 6.000 ពង សម្រាប់នាំចេញទៅកាន់ទីផ្សារ ។
ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពងរូបនេះក៏បាន ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្នុងការបិទច្រកនាំចូលនូវទំនិញពីខាងក្រៅប្រទេសដែលធ្វើឱ្យទំនិញក្នុងស្រុក មានលទ្ធភាព លក់ក្នុងតម្លៃថ្លៃគូរសម ៕