
កណ្តាល ៖ នៅព្រឹកថ្ងៃពុធទី ៣០ ឧសភា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ ១ម៉ឺន៦ពាន់នាក់ មកពីរោងចក្រចំនួន១០ មកពី ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។ នេះជាលើកទី៣ហើយបានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅ ខេត្តកណ្ដាល។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលជីវៈ បានបញ្ជាក់ថារោងចក្រសហគ្រាសចំនួន ១០ ដែលជួបជុំថ្ងៃនេះ មកពីស្រុកស្អាងចំនួន៨ មានកម្មករនិយោជិត និងស្រុកកោះធំចំនួន០២ ដែលមានអ្នកវិនិយោគមកពី ប្រទេសចិនទាំងអស់ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន០៨ បោកគក់ចំនួន០១ និងតម្បាញ០១។ ផលិតផលទាំងអស់ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ រោងចក្រសហគ្រាស នៅ តំបន់នេះ បានកសាងនៅតាមមូលដ្ឋានជាប់នឹងប្រជាពលរដ្ឋ ដែលបានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើនងាយ ស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្ម ផ្សេងៗទៀតរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាង ថារាជរដ្ឋាភិបាលនៅតែផ្តល់អាទិភាព លើវិស័យឧស្សាហកម្មធន់ស្រាលដូចជា វាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើងជាដើម។ តាមរយៈនេះ រាជរដ្ឋាភិបាលបានបន្តធ្វើការពង្រាយរោងចក្រទៅឲ្យដល់តាមបណ្តាខេត្តនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនបាច់ធ្វើចំណាកស្រុកទៅកាន់រាជធានីភ្នំពេញ។ ពិសេសវានឹងអាចកាត់បន្ថយការចំណា យលើផ្ទះជួលស្នាក់នៅ ការចំណាយប្រចាំថ្ងៃដែលវានឹងធ្វើឲ្យកំរិតជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ប្រសិនបើរាជរដ្ឋាភិបាល មិនធ្វើការពង្រាយនៅតាមបណ្តាខេត្តនោះទេ ប្រហែលជាពេលនេះកម្មករ ជាច្រើននឹងធ្វើការ ប្រមូលផ្តុំកាន់តែច្រើនតែនៅក្នុងទីក្រុងភ្នំពេញ ហើយភាគច្រើន នឹងនៅតែជាកសិករធ្វើស្រែចំការនៅមូលដ្ឋានមិនខាន។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តលើកទឹកចិត្តដល់ក្រុមហ៊ុននានា ឲ្យបន្តធ្វើការវិនិយោគបង្កើតរោងចក្រ នៅតាមបណ្តា ខេត្តនានា ដើម្បីបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកាន់តែច្រើនថែមទៀត ។ បើតាមសម្តេច ដើម្បីបង្ក លក្ខណៈងាយស្រួល ដល់ការវិនិយោគបង្កើតរោងចក្រ រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍវិស័យអគ្គិសនី និងពង្រឹងធនធាន មនុស្សឲ្យកាន់តែសម្បូរបែបដើម្បីបំពេញសេចក្តីត្រូវការរបស់វិនិយោគិន។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងការងារត្រូវធ្វើការដោះស្រាយឲ្យបានឆាប់រហ័សចំពោះកម្មករ ដែលត្រូវថៅកែរត់ចោលដោយគ្មានប្រាក់បៀវត្តន៍។ សម្តេចតេជោបន្តក្រើនរំលឹកជាថ្មីដល់មន្ត្រីរាជរដ្ឋាភិបាលទាំងអស់ត្រូវ តែអនុវត្តទៅតាមច្បាប់ដោយមិនត្រូវចាំតែបទបញ្ជារបស់នាយករដ្ឋមន្ត្រីនោះទេ។ បើតាមសម្តេច នៅខែមិថុនា ខាងមុខនេះ រាជរដ្ឋាភិបាល នឹងធ្វើវិសោធនកម្មច្បាប់ ស្តីពី វិស័យរោងចក្រកាត់ដេរ ដើម្បីបើកផ្លូវឲ្យក្រសួងការងារមានវិធានការចំពោះ ថៅកែរត់ចោលកម្មករដោយមិនទទួលខុសត្រូវ។ ពិសេសវិសោធនកម្មច្បាប់ថ្មីនោះ នឹងតម្រូវឲ្យនិយោជក ត្រូវបើកប្រាក់ អតីតភាពការងារសម្រាប់កម្មកររាល់៦ខែម្តង ដើម្បីចៀសវាងនៅពេលថៅកែរត់ចោលមិនដោះស្រាយប្រាក់អតីតភាព ការងារជូនកម្មករ។