
ភ្នំពេញ ៖ សៀវភៅរឿង មហាភារតៈ ដ៏ល្បីល្បាញលំដាប់ទី២ បន្ទាប់ពីសៀវភៅរឿង រាមកេរ្តិ នៅក្នុងប្រទេសឥណ្ឌារាប់សិប ឆ្នាំមកហើយខាងផ្នែក ការអប់រំមហាព្យាកាព្យ វិធីសាស្រ្តនៃការដឹកនាំប្រទេសយុទ្ធសាស្រ្តធ្វើសង្រ្គាម និងយុទ្ធវិធីផ្សះផ្សារ ជាតិជាដើមនោះ ឥឡូវនេះ ត្រូវបានបកប្រែជាភាសារខ្មែរ និងបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នេះ ក្រោមវត្តមានរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
នៅក្នុងពិធីបើកសម្ពោធសៀវភៅ មហាភារតៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម ហង់ ជួនណារ៉ុន បានមាន ប្រសាសន៍ឱ្យដឹងថា សៀវភៅ មហាភារតៈ នេះមានប្រវត្តិសាស្រ្តយូអង្វែងណាស់មកហើយ ពោលគឺមានវត្តមានក្នុង ប្រទេសកម្ពុជា តាំងតែពីមុនសម័យអង្គរមកម្ល៉េះ នៅពេលនេះត្រូវបានបកប្រែពីភាសារអង់គ្លេសមកជាភាសារខ្មែរមាន កំរាស់ ៧០០ទំព័រ ដោយលោក ធន់ ហ៊ិន អតីតសាស្រ្តាចារ្យភាសាបារាំង និងធ្លាប់ជាមន្រ្តីការទូតកម្ពុជា ប្រចាំប្រទេស ជាច្រើន ពិសេសប្រទេសឥណ្ឌាតែម្តង។
ឯកឧត្តមបន្តថា សៀវភៅនេះក៏បានបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួត រវាងឥណ្ឌា និងកម្ពុជាតាំងពីសម័យបុរាណកាល មកម្ល៉េះ ឯកឧត្តម ហង់ ជួនណារ៉ុន។ យ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងដែរថារឿង មហាភារតៈ នេះ នៅថ្ងៃ អនាគតអាចដាក់ចូលជាអក្សរសិល្បៈ ព្រាហ្មណ៍និយម មានលក្ខណៈជាអក្សរសិល្បៈបរទេស ព្រោះថារឿងនេះត្រូវបាន បកប្រែទាំងស្រុង មិនមានលំនាំដូចរឿងរាមកេរ្តិ ដែលអ្នកនិពន្ធបានកែសម្រួលជាកំណាព្យ និងនិពន្ធជាថ្មីតាមលំនាំខ្មែរ នោះឡើយ។
លោកជំទាវ ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មានប្រសសាន៍ឱ្យដឹងថា សៀវភៅ មហាភារតៈ គឺជាសៀវភៅ អក្សសិល្បដ៏ល្បីល្បាញនៅក្នុងប្រទេសឥណ្ឌា ហើយអាចជារឿងដែលវែងជាងគេនៅលើពិភពលោក ។ ហើយរឿងនេះ
បានបង្ហាញពីការដណ្តើមអំណាចគ្នារវាងបងប្អូន២នាក់ បង្ហាញពីយុទ្ធសាស្រ្ត សិល្ប៍សាស្រ្ត ទស្សនវិជ្ជា និងការអប់រំល្អៗ
ដែលត្រូវបានជនជាតិឥណ្ឌា សិក្សា និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសអ្នកនយោបាយ នៅក្នុងប្រទេស អាស៊ី ទាំងមូល ក៏បានសិក្សារៀនសូត្រពីរបៀបដឹកនាំ និងការផ្សះផ្សារជំលោះនានាផងដែរ។ យ៉ាងណាលោកជំទាវ បញ្ជាក់ថា តាមប្រវត្តិសាស្រ្តកម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាមួយគ្នាតាំងពីបុរាណកាលមក ទាំងផ្នែកពាណិជ្ជកម្ម វប្បធម៌ និង ស្ថាបត្យកម្ម ក៏ដូចជាផ្នែកអក្សសិល្បផងដែរ។ រឿងនេះ បង្រៀនមនុស្សឱ្យស្អប់ភាពអយុត្តិធម៌ អំពើអាក្រក់ ការកេងប្រវ័ញ្ញ ហើយបង្រៀនឱ្យមនុស្សចេះស្រលាញ់យុត្តិធម៌។
ឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអះអាងថាក្រោយពីទទួលបានសៀវភៅនេះ
នឹងយកទៅដាក់នៅដាក់ក្នុងបណ្ណាល័យ ដើម្បីឱ្យសិស្សនិស្សិតបានអានស្វែងយល់ពីប្រវត្តិសាស្រ្តរវាងកម្ពុជា-ឥណ្ឌា។
មាននិស្សិតកម្ពុជាជាច្រើនបានសិក្សាពីអក្សរសិល្ប ដូច្នេះពួកគេមានឱកាសបានអាន និងស្វែងយល់បន្ថែមទៀតពីការ អប់រំនានាពីបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។
ចំណែកលោក ធន់ ហ៊ិន ជាអ្នកបកប្រែសៀវភៅ មហាភារតៈ បានបញ្ជាក់ថា ក្រោយពីបានទៅបំពេញការងារនៅប្រទេស ឥណ្ឌា លោកបានជួបសៀវភៅដើមដែលសរសេរជាភាសាអង់គ្លេស លោកបានអានចប់ជាច្រើនសារ ហើយបានដឹងពី អត្ថន័យ និងអត្ថរស់ នៅក្នុងសៀវភៅនេះពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អប់រំមនុស្សអំពី សុជីវធម៌ ការអប់រំ ការគ្រប់គ្រងប្រទេស ការធ្វើទំនាក់ទំនងរវាងមនុស្សនៅក្នុងសង្គម ទើបលោកសម្រេចចិត្ត ចំណាយពេលវេលាជាច្រើនឆ្នាំ ដើម្បីបកប្រែនិងបោះពុម្ពសៀវភៅនេះជាភាសាខ្មែរ ហើយបើកសម្ពោធនៅថ្ងៃនេះ៕ អត្ថបទ៖ឈួន
សំអាត