
ខេត្តកណ្តាលçថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ដែលករណីនេះសមត្ថកិច្ចអះអាងថាមានមនុស្សលួចដុត ព្រោះផ្ទះនោះមិនមានមនុស្សនៅទេ ដោយម្ចាស់ចាក់សោរចោល ហើយទៅរស់នៅឯភ្នំពេញ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង២រំលងអធ្រាត្រ នៅចំណុចភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ ចាន់ លេខា ភេទប្រុស អាយុ៦៧ឆ្នាំ មានទីលំនៅភ្នំពេញ។ ករណីនេះ បណ្តាលឲ្យផ្ទះខាងលើឆេះអស់ទាំងស្រុង រួមនឹងសម្ភារៈមួយចំនួនទៀតដែលនៅក្នុងផ្ទះ ។
ប៉ូលិសបានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានថា មានអគ្គីភ័យឆាបឆេះផ្ទះនៅចំណុចខាងលើ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន៣គ្រឿង បានចេញទៅអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់អស់ទឹកចំនួន៣រថយន្ត ស្មើ២១ម៉ែត្រគូប ទើបធ្វើឲ្យរលត់ជាស្ថាពរនៅវេលាម៉ោង៣នឹង ១៥នាទីទៀបភ្លឺ ។
ប៉ូលិសបានបញ្ជក់ថា ចំពោះមូលហេតុនៃការឆាបឆេះនេះ គឺមានមនុស្សលួចដុតដោយសារម្ចាស់ផ្ទះទុកចោលហើយទៅរស់នៅភ្នំពេញ៕