
រាជធានីភ្នំពេញ៖ទីតាំងកែច្នៃផលិត ជូញដូរគ្រឿងញៀនមួយកន្លែង ត្រូវបានកម្លាំងនគរបាល(ក១១)មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការរដ្ឋាននគរបាលជាតិ ចុះបង្ក្រាបដោយដកហូតបានឧបរណ៍ជាមធ្យោបាយផលិតព្រមទាំងគ្រឿងញៀន ប្រមាណ១៤ម៉ឺនគ្រាប់ស្មើរជាង៥០គីឡូក្រាមនិងឃាត់ខ្លួនមេក្លោងជាជនជាតិបរទេស២នាក់។
ប្រតិបត្តិការនេះ ធ្វើឡើង កាលពីវេលារសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២០ នៅនៅចំណុចបុរីច័ន្ទសម្បត្តិ ផ្ទះលេខ ១៥ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក្រោមការដឹកនាំដោយលោកឧត្ដមសេនិយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរប្រឆាំងគ្រឿងញៀនព្រម ទាំងមានការសម្របសម្រួលពីលោក សាយ ណូរ៉ាព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
មេខ្លោងគ្រឿងញៀន ដែលត្រូវឃាត់ខ្លួន នគរបាលអោយដឹងថា ១.ឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន (ហុងកុង) កាន់លិខិតឆ្លង ដែនលេខ KJ06288571 និង២,ឈ្មោះ THET THET HLAING ភេទស្រី ជនជាតិមីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MA 030746។
តាមនគរបាលអោយដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងតាមការបញ្ជាដឹកនាំដោយផ្ទាល់ របស់នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនទើប សមត្ថកិច្ចឈានទៅបង្ក្រាបទីតាំង ផលិតនិងជួញដូរគ្រឿងញៀននេះ។
តាមព័ត៌មានអោយដឹងទៀតថា នៅក្នុងប្រតិបត្តិការសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ សារធាតុញៀនអិចស្តាស៊ីប្រមាណ១៤០,០០០គ្រាប់ មានទម្ងន់ជាង៥៧គីឡូក្រាម និងម៉ាស៊ីនសម្រាប់ផលិតកែច្នៃគ្រឿងញៀនចំនួន២គ្រឿងព្រមទាំងឃាត់ខ្លួនជនសង្ស័យជាមេខ្លោងបញ្ជូន ទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនដើម្បីចាត់ការតាមច្បាប់៕