
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៏ថា សិស្ស និស្សិតនៅសាធារណៈរដ្ឋ កូរ៉េ នឹងវិលចូលសិក្សាឡើងវិញនៅសប្តាហ៏ក្រោយនេះ ក្រោយស្ថានភាពកូវីដ ១៩បានធូរស្រាលខ្លាំង ដែលនឹងអាចវិលទៅរកស្ថានភាពប្រក្រតីវិញ។
នេះជាការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់កូរ៉េកាលពីថ្ងៃដើមសប្តាហ៏នេះ។ សាលារៀន ត្រូវបានបិទទ្វារកាល ពីខែមីនាកន្លងទៅ គ្រាដែលកូរ៉េខាងត្បូងកន្លងទៅបាន ក្លាយជាប្រទេសផ្ទុះជំងឺនេះដ៏អាក្រក់ បន្ទាប់ពីចិន នាពេលនោះ។
សិស្ស និស្សិត បានទទួលការអប់រំតាមរយៈការសិក្សាតាមអនឡាញតាំង ពីខែមេសា ប៉ុន្តែមន្ត្រីអ្នកនាំពាក្យបានបញ្ជាក់ថា នៅសប្តាហ៏ក្រោយសាលារៀន នឹងត្រូវ បើកដំណើរឡើងវិញជាបណ្តើរពីថ្ងៃពុធ រហូតដល់ថ្ងៃទី០១ មិថុនា។ យ៉ាងណា លោករដ្ឋមន្ត្រីអប់រំ Yoo Eun-hae បានអះអាងថា ការបើកសាលាឡើងវិញ មិនមែនមានន័យថា កូវីដ ១៩ បញ្ចប់នៅក្នុងប្រទេសនោះទេ ប៉ុន្តែយើងត្រូវ ប្រុងប្រយ័ត្នខ្ពស់បំផុតកុំឲ្យមានករណីផ្ទុះឡើងជាថ្មី។
សិស្សត្រូវតែពាក់ម៉ាស់ លើកលែងតែពេលអាហារថ្ងៃត្រង់ ហើយត្រូវរក្សាគម្លាតពីគ្នា និងជូតសំអាតតុ ជាប្រចាំ។
ចំពោះកីឡាផ្សេងៗ ដូចជាបាល់បោះ និងបាល់ទាត់ នឹងអាចបើក ដំណើរជាធម្មតាឡើងវិញនៅសប្តាហ៏ក្រោយនេះដែរ បន្ទាប់ពីត្រូវបានពន្យា ពេលនាពេលកន្លងទៅ។
គួរបញ្ជាក់ថា កូរ៉េ រកឃើញអ្នកឆ្លងថ្មីចំនួន៨នាក់ នៅថ្ងៃច័ន្ទនេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងដល់ជាង១ម៉ឺនករណី និងមានអ្នកស្លាប់ចំនួន ២៥០ នាក់៕