
(ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០)៖ ដោយសារជីវភាពក្រីក្រ ខ្វះថវិការក្នុងការព្យាបាលជម្ងឺ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោកយាយ អាយុ៧៩ឆ្នាំម្នាក់ ត្រូវបានលោកមេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ចំណាយថវិការផ្ទាល់ខ្លួន ជួលរ៉ឺម៉កម៉ូតូដឹកគាត់មកព្យាបាល នៅមណ្ឌលសុខភាព ឃុំ ប៉ុន្តែដោយសា្ថនភាពជម្ងឺរបស់លោកយាយ ក្រុមគ្រូពេទ្យមណ្ឌលសុខភាពសម្រេច ដឹកលោកយាយទៅព្យាលនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៌ ជាបន្តទៀត។
លោក សាំង គីមស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានឱ្យដឹងថា៖ លោក យាយ ស៊ឹម សយ អាយុ៧៩ឆ្នាំ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ មានជម្ងឺប្រចាំកាយ ជាយូរណាស់មកហើយ ដោយពុំមានលទ្ធភាព ទៅរកមណ្ឌលសុខភាព ឬ ក្រុមគ្រួពេទ្យព្យាបាលឡើយ ព្រោះតែស្ថានភាពគ្រួសារមានជីវភាពខ្វះខាត ។
ដោយឃើញស្ថានភាពបែបនេះ គាត់ ក៏បានស្នើសុំមណ្ឌលសុខភាព ឃុំ ឱ្យជួយព្យាលបាលគាត់ ប៉ុន្តែពេលដឹកមកដល់មណ្ឌលសុខភាព ក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាព គ្មានលទ្ធភាព ព្យាបាល ក៏សុំឱ្យគាត់ទៅព្យាលបាលនៅមន្ទីពេទ្យបង្អែកស្រុក បរិបូរណ៌ ជាបន្តទៀត ។
ហេតុនេះហើយ ដើម្បីជាសោហ៊ុយ ក្នុងការទៅសម្រាកព្យាល នៅមន្ទីរពេទ្យស្រុក បរិបូណ៌ លោកបានផ្តល់ថវិការចំនួន៣០ម៉ឺនរៀលជូនលោកយាយផងដែរ ។
លោកបានបញ្ជាក់ថាៈ ថវិកានេះគ្រាន់តែជាបណ្តោះអាសន្នតែប៉ុណ្ណោះ លោកនិងផ្ញើថវិកាទៅជួយបន្តទៀត ពេលលោកយាយ នៅព្យាបាលរយៈពេលយូរ ឬ ក៏លោកយាយត្រូវដឹកទៅបន្តព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងក្តី។
ចំពោះថ្លៃសេវាព្យាបាល គ្រូពេទ្យមិនយកថ្លៃទេ ព្រោះលោកបានចេញលិខិតបញ្ជាក់ ជូនលោកយាយ ថា ជនក្រីក្ររួចអស់ហើយ ។
ក្នុងឱកាសនោះដែរ កូនស្រីលោកយាយ ឈ្មោះ ស៊ឹម ម៉ាប់ បានថ្លែងអំណរគុណ ចំពោះចិត្តសប្បុរស របស់លោក មេឃុំ និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ ជួយដឹកម្តាយគាត់ ទៅព្យាបាល និងជួយជាសោហ៊ុយសម្រាប់សម្រាកព្យាបាលផងដែរ ។
ក្នុងនាមគាត់ជាកូនស្រី សូមជូនពរ ដល់លោកមេឃុំនូវពុទ្ឋពរ ទាំង៤ប្រការកុំបីឃ្លាងឃ្លាតឡើយ ៕