
(ខេត្តបាត់ដំបង,ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០)៖បុរសម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារមីនតោនមួយគ្រាប់ផ្ទុះឡើងកក្រើកដី ខណៈដែលបុរសរងគ្រោះកំពង់បើកត្រាក់ទ័រភ្ជួរដីស្រែ ហើយជាន់ចំមីនតោនដែលកប់ក្នុងដី។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០នៅចំណុចវាលស្រែស្ថិតក្នុងភូមិអន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។
ប្រភពពីមន្ត្រីប៉ូលិសស្រុកបវេល បានឲ្យដឹងថាបុរសម្នាក់ដែលរងគ្រោះឈ្មោះ វឿត ថេតអាយុ២៥ឆ្នាំ(ជាអ្នកបើកបរត្រាក់ទ័រភ្ជួរដីស្រែ)មានទីលំនៅភូមិប៉ោយរំជ័យឃុំរូងជ្រៃស្រុកថ្មគោលខេត្តបាត់ដំបងរងរបួសយ៉ាងធ្ងន់ធ្ងរ។រីឯត្រាក់ទ័រមួយគ្រឿងម៉ាក គុយបូតាkubutaព៌ណក្រហមដែលគាត់បើកបរភ្ជួរដីទទួលរងនូវការខូចខាត(ដាច់ កង់ខាងមុខ )។
បន្ទាប់ពីកើតហេតុនេះ ជនរងគ្រោះឈ្មោះ វឿត ថេត ត្រូវបានកម្លាំងបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យហើយ។ករណីផ្ទុះដ៏កក្រើកនេះគឺបានបណ្តាលមកពីកាផ្ទុះគ្រាប់មីនតោនមួយគ្រាប់ដែលបង្កប់នៅក្នុងដីតាំងតែពីសម័យសង្រ្គាម ដោយសារត្រាក់ទ័រភ្ជួរដីស្រែជាន់ចំពីលើ។
សូមបញ្ជាក់ផងដែរថាទីកន្លែងដែលកើតឡើងនូវឧប្បត្តិហេតុគ្រោះថ្នាក់នេះគឺជាតំបន់សមរភូមិប្រយុទ្ធគ្នាពីអតីតកាលរវាងភាគីជម្លោះហើយនៅទីនេះ បើទោះបីជាមានការរុករានដីដាំដំណាំជាច្រើនឆ្នាំកន្លងមកហើយក្តី ប៉ុន្តែនៅទីនេះនៅមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះស្ថិតនៅក្នុងដីហើយជារឿយៗ បានបង្កគ្រោះថ្នាក់ដល់មនុស្សនិងខូចខាតទ្រព្យសម្បត្តិផងដែរ៕