
(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២០)៖នៅល្ងាចថ្ងៃទី៣១ខែឧសភា ឆ្នាំ០២០ មានភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំជាមួយនឹងផ្គររន្ទះ ខ្សល់កន្ត្រាក់ បានបង្កឲ្យខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ ចំនួន១៤ខ្នង សាលារៀន១ខ្នង បាក់អង់តែនវិទ្យុទាក់ទង១ដើម ។
អធិការដ្ឋាន នគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា៖នៅវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០ នៅក្រុងសិរីសោភ័ណ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំជាមួយនិងខ្សល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន២សង្កាត់ គឺសង្កាត់ភ្នៀតចំនួន១ខ្នងគឺនៅភូមិភ្នៀត ,សង្កាត់ម្កាក់ចំនួន៦ខ្នង នៅភូមិក្បាលស្ពាន២ខ្នង ភូមិបែកចានចំនួន៤ខ្នង ។
នៅឯស្រុកព្រះនេត្រព្រះវិញនៅវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០នេះដែរ មានភ្លៀងនិងខ្សល់កន្ត្រាក់ បណ្តាលឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៧ខ្នង សាលារៀន១ខ្នងខូចខាតរបើកដំបូល ក្នុងនោះ ឃុំព្រះនេត្រព្រះ ចំនួន៣ខ្នង គឺនៅភូមិប៉ោយតាប៉ែនចំនួន ១ខ្នង ភូមិប៉ុស្តិ៍ចាស់ ចំនួន២ខ្នង ឃុំឈ្នួរមានជ័យ សាលាបឋមសិក្សាសំរោងធំ ១ខ្នង របើកដំបូលស័ង្កសីចំនួន៣០សន្លឹក ភូមិសំរោងធំ១ខ្នងដួលរលំខូចទាំងស្រុង ភូមិឈ្នួរ ចំនួន៣ខ្នង និងបាក់អង្គតែន វិទ្យុទាក់ទង របស់នគរបាលស្រុក១នៅឃុំជប់វារី ៕