
កណ្តាល៖ រថយន្តក្រុមហ៊ុនថ្នាំដុសធ្មេញ ខលហ្គេត (Colgate) បើកបរខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកស្ត្រីជិះកង់ម្នាក់បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅ មន្ទីរពេទ្យ ហើយរថយន្តនោះបានបន្តបុកចូលផ្ទះលក់ទំនិញចាបហួយដែលនៅក្បែរនោះ បណ្តាលឲ្យខូចខាត ម៉ូតូពីរគ្រឿងបន្ថែមទៀត, កង់មួយគ្រឿង និងសម្ភារៈដែលដាក់លក់ក្នុងផ្ទះមួយចំនួនទៀត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវបេតុង ចំណុចក្នុងផ្សារដើមអំពិល ស្ថិតក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ឯម សារ៉ន ភេទ ស្រី អាយុ ៥៩ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែករថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2F 6041 ជារបស់ក្រុមហ៊ុនថ្នាំដុសធ្មេញ ខលហ្គេត (Colgate) អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន មានអ្នកជិះរួមដំណើរចំនួន ២នាក់ ទី១- ឈ្មោះ គឹម តុលា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន ខលហ្គេត (Colgate) មានទីលំនៅភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី២-ឈ្មោះ ខុម រតនះ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន ខលហ្គេត (Colgate) មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមសាក្សីបានឲ្យដឹងថា រថយន្តបង្កបានបើកធ្វើដំណើរតាមបណ្តោយផ្លូវបេតុងខាងលើ មានទិសដៅពី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុករុញកង់របស់ស្ត្រីរងគ្រោះ ឯម សារ៉ន ដែលជិះ ពីលិចទៅកើត ហើយឈប់ស្ងៀមនៅលើផ្លូវ បណ្តាលឲ្យស្ត្រីរងគ្រោះ ឯម សារ៉ន់ រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយរថយន្តនោះបានរេចង្កូតបុកចូលក្នុងផ្ទះលក់ទំនិញចាប់ហួយ របស់ ឈ្មោះ ញ៉ ប៉ោ ស្រេង ភេទ ប្រុស អាយុ ៤៥ ឆ្នាំ បណ្តាលឲ្យខូចខាតម៉ូតូពីរគ្រឿង កង់មួយគ្រឿង ព្រមទាំងសម្ភារៈមួយចំនួនទៀតដែលតាំងដាក់លក់នៅក្នុងផ្ទះ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងហៅរថយន្តសាមុយដឹកស្ត្រីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង។ បន្ទាប់មកសមត្ថកិច្ចបានដឹកសពត្រឡប់មកវិញប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ។
ចំណែក មធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចបានដឹទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕