
ខេត្តឧត្ដរមានជ័យ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០៖កម្លាំងអាវុធហត្ថស្រុកអន្លង់វែង សហការជាមួយការិយាល័យកសិកម្មស្រុក ដឹកនាំដោយលោក ងួន លីន នាយករដ្ឋបាលស្រុកអន្លង់វែង បានចុះធ្វើការបង្រ្កាបនូវឧបករណ៍នេសាទត្រីខុសច្បាប់ប្រភេទស្បៃមុង ដែលគេលួចដាក់កាត់នៅតាមអូរជីកជាច្រើនកន្លែង ជាហេតុធ្វើអោយដាច់ចរន្តនៃការបម្លាស់ទីបន្តពូជកូនក្នុងរដូវវស្សា។
សកម្មភាពបង្ក្រាបឧបករណ៍នេសាទត្រីខុសច្បាប់ ដោយកាលនៅវេលាម៉ោង៧ ព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថ រួមជាកម្លាំងការិយាល័យកសិកម្មស្រុក ដឹកនាំដោយលោក ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់(ដាក់ស្បៃមុងកាត់អូរជីក)នៅចំណុច ភូមិទឹកជប់ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យដោយលទ្ធផលរឹបអូសស្បៃមុងបានចំនួន ៣កន្លែង ស្មើនឹង៨៥ម៉ែត្រ បាននាំយកទៅរក្សាទុកនៅសាលា ស្រុកអន្លង់វែងបណ្តោះអាសន្ន។
កម្លាំងចម្រុះបានបន្តសកម្មភាពនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ចុះបង្ក្រាបការដាក់ស្បៃមុងចំនួន ៥កន្លែងទៀត ស្ថិតនៅចំណុច ភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ដោយរឹបអូសស្បៃមុងបានប្រវែងចំនួន ១៧០ម៉ែត្រ ហើយបច្ចុប្បន្នរក្សាទុកនៅសាលា ស្រុកអន្លង់វែង ដើម្បីរងចាំធ្វើការដុតបំផ្លាញចោល។
ការចុះបង្ក្រាបឧបករណ៍នេសាទត្រីខុសច្បាប់ ប្រភេទស្បៃមុង ដែលគេទៅលួចដាក់នៅតាមបណ្តាលដងអូរជីកជាច្រើនកន្លែង បានធ្វើអោយត្រី ព្រមទាំងពពួកសត្វដែលរស់នៅក្នុងទឹកមិនអាចបម្លាស់ទី នៅរដូវបន្តពូជ ហើយឧបករណ៍ប្រភេទនេះ នេសាទយកត្រីតូចធំទាំងអស់ ដែលងាយនឹងផុតពូជ។