
ខេត្តឧត្តរមានជ័យ,ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០៖
គ្រួសារទុរគតជនចាស់ជរាគ្មានទីពឹងចំនួន ៣គ្រួសារដែលមានទីតាំងស្ថិតនៅភូមិថ្មដូនលើកភ្នំដងរែក ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទទួលបានអំណោយផ្ទះ ៣ខ្នង រួមជាមួយនឹងថវិការ សំភារៈ ពីឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។
ផ្ទះចំនួន ៣ខ្នង ធ្វើអំពីរថ្មប្រក់ស័ង្កសី មានបណ្តោយ ៥ម៉ែត្រគុណនឹង៤ម៉ែត្រ ដែលជាថវិកាផ្ទាល់របស់ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ បានចំណោយថវិការអស់ជាង ២១លានរៀល បានសាងសង់ផ្ទះជូនដល់គ្រួសារទុរគតជនគ្មានទីពឹង។ នាក្នុងឱកាសនោះ ក៏បានចែកអំណោយជូនដល់គ្រួសារទីទាល់ក្រចំនួន ១០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន មី ១កេស ត្រីខ១យួរ ប៊ីចេង១កញ្ចប់ និងថវិការ២ម៉ឺនរៀល ព្រមទាំងប្រគេនបច្ច័យចំនួន ១លានរៀលដល់វត្តគិរីរង្សីថ្មដូនសម្រាប់កសាង។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តមានប្រសាសន៍ថាប្រជាពលរដ្ឋមួយចំនួនតូចនៅក្នុងខេត្តឧត្តរមានជ័យជួបការលំបាកខ្វះខាតជីវភាពខ្លះ ហើយដើម្បីសម្រួលនូវការលំបាកនេះរាជរដ្ឋាភិបាល បានផ្តល់អំណោយតាមរយៈរដ្ឋបាល ខេត្ត ឧត្តរមានជ័យដើម្បីជួយដល់គ្រួសារងាយរងគ្រោះ។
នៅក្នុងឱកាសនោះឯកឧត្ដម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលសម្តេចតែងតែបានគិតគូរ យកចិត្តទុកដាក់ អំពីសុខមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។
ឯកឧត្តម ក៏បានអំពាវនាវសុំអោយបងប្អូនប្រជាពលរដ្ឋខិតខំបង្កបង្កើនផល និងបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស់ដុសលាងសម្អាត ដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជេលសម្លាប់មេរោគឆ្លងផ្សេងៗ ជាពិសេសជំងឺcovid-19 ដែលយើងកំពុងមានការយកចិត្តទុកដាក់ទប់ស្កាត់។