
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី១៥ មិថុនានេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយក្នុងពិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍គូស បញ្ជាក់ថា៖ “ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន” ជាបង្គោលចរថ្មីមួយនៃការកែទម្រង់មុតស្រួចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ភាពប្រកួតប្រជែង និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបន្តថា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ ធុរជនអាចធ្វើការចុះបញ្ជីអាជីវកម្មថ្មីបានតាមថ្នាលបច្ចេកវិទ្យាព័ត៌មានជាកញ្ចប់ដែលមានអាសយដ្ឋានwww.registrationservices.gov.kh ដូចជាការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ និងការធ្វើសេចក្តីប្រកាសផ្តល់ដំណឹងបើកសហគ្រាសជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលតែមួយ និង ត្រូវការពេលវេលាយ៉ាងយូរត្រឹម ៨ ថ្ងៃ នៃថ្ងៃធ្វើការប៉ុណ្ណោះ ជាមួយនឹងការចំណាយតិចជាងមុនរហូតជាងពាក់កណ្តាល ។ ទន្ទឹមនឹងនេះ វិនិយោគិនអាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះផងដែរ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕