
ឯ.ឧ អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានបញ្ជាក់ថា បញ្ហាសំរាមនៅតែជាបញ្ហាប្រឈមរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវដោះស្រាយ។
អភិបាលរាជធានី បានបន្តអំពាវនាវ ប្រជាពលរដ្ឋជួយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ការប្រមូលសំរាម និងដើម្បីសោភ័ណភាពរបស់ប្រជាពលរដ្ខ។
ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ មិថុនា នាទីស្តីការគណៈរដ្ឋមន្ត្រី។
បើតាម ឯ.ឧ ឃួង ស្រេង ក្នុងមួយថ្ងៃប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បង្កើតសំរាមពី២៨០០ ទៅ៣០០០តោន ក្នុងមួយថ្ងៃ ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមគ្រប់គ្រងសំរាមដោយផ្ទាល់ តាមរយៈការបង្កើតរដ្ឋការស្វ័យតគ្រប់គ្រងសំរាម និងសំណល់រឹង។
ប៉ុន្តែនៅក្នុងដំណាក់កាលនេះ រដ្ឋបាលរាជធានីភ្នំពេញ ជួបនូវបញ្ហាប្រឈម និងសត្យានុម័ត គឺការផ្លាស់ប្តូររបៀបរបបការងារពីការគ្រប់គ្រងសេវា មកជាប្រតិបត្តិករផ្តល់សេវាដោយផ្ទាល់៕