
(ខេត្តព្រៃវែង,ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២០): បុរសអ្នករត់ម៉ូតូ
ឌុបម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណប្រើវត្ថុស្រួចចាក់ត្រូវជាច្រើនកន្លែងបណ្តាលអោយដាច់ខ្យល់ស្លាប់នៅកណ្តាលវាលស្រែ រួចជនសង្ស័យប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល២៣និង៣៥នាទីយប់ ថ្ងែទី២១ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចវាលស្រែកន្លែងស្ងាត់ក្បែរផ្លូវលំ ស្ថិត ក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ ភី យុន ភេទប្រុស អាយុ៤៩ឆ្នាំជនជាតិខ្មែរ មុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិពេជ្រ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ម៉ូតូដែលចោរប្លន់យកទៅនោះ ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មិនមានអ្នកចាំស្លាកលេខទេ។
ប្រភពខ្លះនិយាយថា នៅយប់នោះគេបានឭជនរងគ្រោះស្រែករកអោយជួយដែរ ប៉ុន្តែគេមិនចាប់អារម្មណ៍ ហើយនៅចំងាយប្រហែលជា៥០ម៉ែត្រ ពីកន្លែងកើតហេតុមានផ្ទះពលរដ្ឋដែរ តែគាត់ជាមនុស្សចាស់ជរា ណាមួយយប់ងងិតផង មិនហ៊ានចុះមកជួយឡើយ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះទៅពិនិត្យទៅតាមលក្ខណៈជំនាញនិងបន្តស្រាវជ្រាវតាមនីតិវិធី។ចំណែកសពក្រោយពីពិនិត្យរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕