
(ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០)៖ លោកស្រី អោម ចាន់ណា នាយិការសាខាកាកបាទក្រហមកម្ពុជាមានប្រសាស ន៍ ក្នុងកិច្ចសំណេះសំណាល និងប្រគល់ សមិទ្ធិផលនានារបស់គម្រោងកសាងភាពធន់ក្នុងសហគមន៍នៅភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
លោកស្រីបានគូសបញ្ជាក់ថា÷ សូមឲ្យ តំណាងមន្ទីរពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ ដែលមានមេឃុំជាប្រធានជួយសម្រួលដោះស្រាយបញ្ហាធ្វើយ៉ាងណាឱ្យគ្រប់ចំណុចអណ្ដូងទាំងអស់ ត្រូវមានបំពុងទុយោបញ្ជាទឹកកខ្វក់ ឲ្យឆ្ងាយពីអណ្ដូង និងមានធុងសំរាមតាមគ្រួសារ។
ហើយគ្រួសារណាដែលមិនទាន់សាងសង់ដំបូល និងជញ្ជាំងបង្គន់រួចរាល់ ត្រូវខិតខំធ្វើយ៉ាងណាឲ្យបានរួចរាល់។ សូមបញ្ចប់ការសាងសង់ និងប្រើប្រាស់សមិទ្ធផលនោះ ឱ្យបានត្រឹមត្រូវ ជាពិសេសជំរុញអោយ មានការប្រើប្រាស់ថែទាំ នូវសមិទ្ធិផលទាំងអស់របស់គម្រោងឱ្យមាននិរន្តរភាព។
គួរបញ្ជាក់ផងដែរថា÷ កម្មវិធីកសាងភាពធន់សហគមន៍ ជាកម្មវិធីមួយដែលឧបត្ថម្ភថវិកាដោយកាកបាទក្រហមចិន ក្រោមជំនួយបច្ចេកទេសពីនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជា។
ហើយកម្មវិធីនេះអនុវត្តផ្ទាល់ដោយសាខាកាកបាទក្រហមខេត្តមានរយៈពេល ១៤ ខែក្នុងឆ្នាំ ២០១៩-២០២០ ក្នុងគោលដៅប្រឈមមុខនឹងគ្រោះមហន្តរាយដោយធម្មជាតិក្នុងស្រុកភ្នំស្រួច។
គម្រោងនេះប្រើប្រាស់ថវិកាប្រមាណជាង ១ សែនដុល្លារអាមេរិក លើភូមិគោលដៅចំនួន ១០ ភូមិ អ្នកទទួលផលសរុបមានចំនួន ៤.២១៧នាក់ ស្មើនឹង ១.២៤៩ គ្រួសារ៕