
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯ.ឧ ផៃ ស៊ីផាន បានបង្ហោះនៅលើហ្វេសប៊ុកផេក ថា សេចក្តីព្រាងច្បាប់នេះត្រូវគណៈរដ្ឋមន្ត្រីកែសម្រួលពាក្យពេចន៍មួយចំនួន។
បើតាម ឯ.ឧ ផៃ ស៊ីផាន សេចក្ដីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដោយបានចំណាយពេលអស់ប្រមាណជាង ៩ឆ្នាំមកហើយ។
សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាការគ្រប់គ្រងមណ្ដលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម។