
(ខេត្តពោធិ៍សាត់,ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០)៖ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក ម៉ែន ឆិល មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង បានចុះសហការបង្ត្រាបបទល្មើសធនធានធម្មជាតិជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ«Wildlife Alliance» ដកហូតវត្ថុតាង និងឈើអារ ដើម្បីយកទៅបន្តនីតិវិធី។
ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំនុចភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះបង្រ្កាប បានឱ្យដឹងថា ជាលទ្ធផលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ដកហូតម៉ូទ័រអុក១គ្រឿង, ម៉ូទ័រកាត់១គ្រឿង, មូទ័រខាត់១គ្រឿង, មូទ័រតាប១គ្រឿង, ម៉ាស៊ីនតាប១គ្រឿង, រថយន្ដឆ្នៃ១គ្រឿង, រទេះគោ១, ឈើអារប្រភេទលេខ២ ចំនួន២៥១សន្លឹក និងបង្អួចចំនួន២៤០សន្លឹក ស្មើ១៣,០៧៤ម៉ែត្រត្រីគុណ។
បច្ចុប្បន្នវត្ថុតាងទាំងអស់បានប្រគល់ជូនមន្រ្តីដែនជម្រកសត្វព្រៃភ្នំសំកុស ដើម្បីថែរក្សា និងបន្តនីតិវិធី៕